ភ្នំពេញៈ សមាជិក​រដ្ឋសភា ពី​គណបក្ស​ប្រឆាំង​ បាន​ទូល​សុំ​ព្រះ​រាជ​អន្តរាគមន៍ ពី​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​តំណាង​រាស្រ្ត​ដែល​កំពុង​ជាប់​ពន្ធនាគារ គឺ​លោក អ៊ុំ សំអាន ​ដោយ​​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​នេះ​ថា ជា​ការ​រំលោភ​ច្បាប់​ និង​សូម​ឲ្យ​ព្រះ​មហាក្សត្រ​ប្រើ​ប្រាស់​តួនាទី​កំពូល ជាអាជ្ញា​កណ្តាល ដើម្បី​​ធានាការ​ប្រព្រឹត្ត​ទៅ​នៃ​​​អំណាច​សាធារណៈឱ្យ​មាន​​ភាព​ទៀង​ទាត់។

លោក ​អ៊ុំ តារាវុធ នាយក​ខុទ្ទកា​ល័យ​ព្រះ​មហាក្សត្រ បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា លោក​មិន​បាន​ឃើញ​លិខិត​របស់​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​ផ្ញើ​ថ្វាយ​​ព្រះ​មហាក្សត្រ​ទេ ដោយ​​លោក​​បញ្ជាក់​ថា ​លោក​កំពុង​ជាប់​រវល់​បំពេញ​បេសកកម្ម​នៅ​តាម​ខេត្ត។

លោក ​បន្ថែម​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​វិល​ត្រឡប់​ទៅ​ព្រះ​បរម​រាជ​វាំង​វិញ ខ្ញុំ​នឹង​សួរ​រក [លិខិត​នោះ]។

នៅ​ពេល​លិខិត​ដល់​ព្រះ​ហស្ត​ព្រះ​មហាក្សត្រ ​​ព្រះ​មហា​ក្សត្រ​​នឹង​ពិនិត្យ និង​សម្រេច​»។

លោក អ៊ុំ ដារ៉ាវុធ បាន​បន្ថែម​ថា តាម​​នីតិ​វិធី​ បន្ទា​ប់ពី​ព្រះ​មហា​ក្សត្រ​ សម្រេច ព្រះ​បរម​រាជ​វាំង​ នឹង​ចេញ​សេច​ក្តី​ប្រកាស​​ព័ត៌​មាន​មួយ។

ក្នុង​លិខិត​មួយ ដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​តំណាង​រាស្រ្ត​ប្រហែល ៤០​ រូប​ ពី​គណបក្ស​​សង្គ្រោះ​ជាតិ ថ្វាយ​ព្រះ​មហា​ក្សត្រ​ កាល​ពី​ចុង​សប្តាហ៍ ​មុន​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​​ជាតិ ​បាន​ទូល​​សុំ​ឱ្យ​ព្រះ​មហា​ក្សត្រ ធ្វើ​ព្រះរាជ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ អ៊ុំ សំអាន ដែល​ត្រូវ​បាន​ចាប់​ ​ឃុំ​ខ្លួន ដោយ​រំលោភ​​អភ័យ​ឯកសិទ្ធិ​រដ្ឋសភា កាល​ពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី ១១ ខែ​​មេសា នៅ​ក្នុង​ខេត្ត​សៀមរាប។

លិខិត​បញ្ជាក់​ថា៖ «ជាមួយ​​គ្នា​នេះ​ដែរ ​នៅ​ថ្ងៃ​ទី ១២ ខែ​មេសា ឆ្នាំ​ ២០១៦ ​រដ្ឋ​សភា នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​​បើកកិច្ច​​ប្រជុំ​របស់​ខ្លួន​ ដោយ​មាន​​វត្តមាន​តំណាង​រាស្រ្ត​ចំនួន ៦៣ រូប​ មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា ​អនុម័ត​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច បន្ត​នីតិវិធី​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឃុំ​ខ្លួន​​ឯកឧត្តម អ៊ុំ សំអាន ដោយ​រំលោភ​ទាំង​ស្រុង​ទៅ​លើ​​មាត្រា ៨០ នៃ​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​តម្រូវ​ឲ្យ​មាន​សំឡេង​​ពីរ​ភាគ​បី ឬ​បី​ភាគ​បួន នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល​ ដើម្បី​សម្រេច ឬ​ផ្អាក​អំពី​ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ​​ការ​ឃាត់​ខ្លួន​ឬ​ការ​ឃុំ​ខ្លួន សមាជិក​ណា​មួយ​នៃ​រដ្ឋ​សភា»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា សំណើ​របស់​​គណ​បក្ស​សង្គ្រោះ​ជាតិ​ទូល​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​ដោះ​លែង​លោក អ៊ុំ សំអាន គឺ​ជា​សិទ្ធិ របស់​ពួកគេ ប៉ុន្តែ​លោក​ថា​ មិន​ប្រាកដ​ទេ​ថា​តើ​សំណើ​នោះ​មាន​ប្រសិទ្ធ​ភាព ឬ​អត់?

លោក​បាន​បញ្ជាក់​ថា៖ «តើ​ដោះ​លែង​របៀប​ណា? វា​ជា​នីតិវិធី​របស់​តុលាការ​ទេ»៕

</div>