លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់អ្នកចិញ្ចឹមសត្វទាំងអស់ចូលរួមសហការគ្នាដោះស្រាយបញ្ហារួម ដើម្បីរក្សា និងតភ្ជាប់នៃខ្សែចង្វាក់តម្លៃ។ការលើកឡើងបែបនេះរបស់លោករដ្ឋមន្រ្តីក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាដឺព្រេមៀសេនធ័រ សែនសុខ ដែលមានអ្នកចូលរួមជាង៧០០នាក់។

នុងឱកាសនោះ លោក ឌិត ទីណា បានឱ្យដឹងថា សព្វថ្ងៃនេះវិស័យកសិកម្មកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណាក្តីក៏វិស័យនេះមានកំណើនតិចជាងគេ១%បើធៀបនឹងវិស័យផ្សេងៗ ព្រោះកាលពីទីផ្សារមិនទាន់ពេញតម្រូវការនៅច្រើន យើងពង្រីកការចិញ្ចឹមសត្វពីមួយទ្រុងទៅមួយទ្រុង ប្រជាកសិករលក់ដាច់មានលុយចូល ប៉ុន្តែនៅពេលតម្រូវការគ្រប់គ្រាន់នឹងលែងមានតម្រូវការច្រើន។ដូច្នេះ មិនអាចបង្កើតតម្រូវការដូចវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗបានទេ។


លោកបន្តថា ក្នុងន័យនេះហើយក្នុងនាមអ្នកចិញ្ចឹមសត្វត្រូវគិតគូរួមគ្នា អ្នកចិញ្ចឹម អ្នកទិញលក់អ្នកកាប់ អ្នកលក់ចំណី ត្រូវចូលរួមតភ្ជាប់ខ្សែចង្វាក់តម្លៃ។ មានន័យថាឈ្មួញកណ្តាលធ្វើការជាមួយនឹងអ្នកទិញ ឈ្មួញកណ្តាលធ្វើការជាមួយកុងស៊ី អ្នកកុងស៊ីធ្វើការជាមួយអ្នកចិញ្ចឹម ហើយអ្នកកុងស៊ីក៏ធ្វើការជាមួយអ្នកលក់បន្ត។

បើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងផងដែរថាវិស័យចិញ្ចឹមសត្វនាពេលបច្ចុប្បន្នឃើញថាមានការរីកចម្រើនខ្លាំងហួសពីការស្មាន ដោយសារយើងចិញ្ចឹមបានច្រើន ប៉ុន្តែទីផ្សាររៀងចង្អៀត។


លោកបន្តថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថានប័នពាក់ព័ន្ធបានយកចិត្តទុកលើវិស័យចិញ្ចឹមសត្វខ្លាំង ដោយក្នុងឆ្នាំ២០២៤នេះបានសម្រេចផ្អាកការនាំចូលកម្ទេចកម្ទីសាច់បង្កកដែលខុសច្បាប់ មិនត្រឹមត្រូវរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២មីនា។ជាពិសេសរាជរដ្ឋាភិបាល បានចាត់ទុកវិស័យចិញ្ចឹមសត្វ ជាវិស័យមួយដ៏ថ្លៃថ្លា ក៏ដូចជាសរសៃឈាមនៃប្រទេសជាតិផងដែរ។


លើសពីនេះ លោកក៏បានលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វត្រូវរួបរួមគ្នាមិនថាអ្នកចិញ្ចឹម មិនថាអ្នកកាប់ឬមិនថាអ្នកនាំចូលទេ ត្រូវតែសហការគ្នា កាន់ដៃគ្នាទៅមុខ ទើបរីកចម្រើន រកប្រាក់ចំណេញអ្នកអស់គ្នាឃើញ៕