កែវ រំចង់​ អាច​បំបែក​កំណត់​ត្រា​នៅ​ Thai Fight ​បាន​អត់​ល្ងាច​នេះ​?ជើង​ខ្លាំង​កម្ពុជា​ កែវ រំចង់​ ត្រូវ​ប្រឈម​នឹង​​ជើង​ខ្លាំង​ថៃ​ Iquezang នៅ​ក្នុង​កម្មវិធី Thai Fight ល្ងាច​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ​នៅ​ប្រទេស​វៀតណាម​ដែល​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍​ថៃ​ ប៉ុស្តិ៍​លេខ​៣ វេលា​ម៉ោង​៦​ល្ងាច​ ហើយ​ប្រសិន​បើ​ទទួល​បាន​ជ័យជម្នះ​នោះ​គឺ​ជា​កំណត់​ត្រា​ដំបូង​របស់​អ្នក​ ប្រដាល់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ។កែវ រំចង់​ជា​កីឡាករ​កម្នាក់​ដែល​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា បរាជ័យ​ឡើយ​​ជា​មួយ​កីឡាករ​ថៃ​​​ដែល​ប្រកួត​គ្នា​នៅ​ប្រទេស​កម្ពុជា។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​រំចង់​លេខ​មុខ​ក្នុង​កម្មវិធី​នេះ​ ប៉ុន្តែ​កាល​លើក​ទី​មួយ​បាន​​ចាញ់​ជើង​ខ្លាំង​ថៃ​ Yodsanklai ក្នុង​ទឹក​ទី​ពីរ។ ចំណែក​កីឡាករ​ថៃ​ Iquezang ជា​​តារា​ប្រចាំ​កម្មវិធី​ Thai Fight នេះ​ និង​ធ្លាប់​ប្រកួត​រាប់​មិន​អស់​ក្នុង​អាជីព​ប្រដាល់​របស់​គេ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ​ កីឡាករ​ថៃ​ម្នាក់​នេះ​​ធ្លាប់​បាន​យក​ឈ្នះ​កីឡាករ​កម្ពុជា​ពីរ​រូប​មក​ហើយ​ គឺ​ វង្ស ណយ និង​​ ពេជ្រ សីហា។ បើ​និយាយ​ពី​សមត្ថភាព​របស់​អ្នក​ទាំង​ពីរ​អាច​ចាត់​ទុក​ថា​ មិន​សូវ​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ។ រំចង់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​បច្ចេកទេស​ល្អ​ផ្នែក​ខាង​កណ្តាប់​ដៃ​ និង​កែង​ដ៏​មុត​ស្រួច​ ខណៈ​ជើង​ខ្លាំង​ថៃ​ Iquezang វិញ​ពូកែ​ខាង​វាយ​លោត​សង្ក្រប់​ និង​ការ​ទាត់​ដែល​ងាយ​ធ្វើ​ឲ្យ​ដៃ​គូ​ចាញ់​ច្រាម​គេ​ខ្លាំង​ណាស់។ ទោះ​យ៉ាង​ណា​​ ការ​ប្រកួត​នេះ​ កីឡាករ​ថៃ​មាន​ទម្ងន់​លើស​​កីឡាករ​កម្ពុជា​តិច​តូច។ បើ​និយាយ​ពី​ប្រវត្តិ​របស់​កីឡាករ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ Thai Fight នេះ​គឺ​មាន​កីឡាករ​ជា​ច្រើន​រូប​រួច​មក​ហើយ​បាន​បង្ហាញ​ខ្លួន​ ប៉ុន្តែ​មិន​ទាន់​មាន​នរណា​ម្នាក់​ស្គាល់​រស​ជាតិ​​ជ័យជម្នះ​ឡើយ​ដូច​ជា សេន ប៊ុនថេន វង្ស ណយ ​ពេជ្រ សីហា និង​អ៊ុង វីរៈ​ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ​ ការ​ប្រកួត​របស់​ កែវ រំចង់ ល្ងាច​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​កម្ពុជា​មើល​ឃើញ​ថា អាច​មាន​សង្ឃឹម​​ទទួល​បាន​ជ័យជម្នះ។ ប្រសិន​បើ​កីឡាករ​កម្ពុជា​ម្នាក់​នេះ​ទទួល​បាន​ជ័យជម្នះ​មែន​នោះ​គឺ​ជា​ កំណត់​ត្រា​ដំបូង​ហើយ៕