«តើ​អ្វី​ទៅ​ជា​សង្គម​ដែល​ល្អ​ប្រសើរ​បំផុត?» ពុំ​មាន​នរណា​ម្នាក់​ដែល​អាច​ស្វែង​រក​ចម្លើយ​សម្រាប់​សំណួរ​នេះ​បាន​នោះ​ទេ ព្រោះ​សង្គម​ដែល​មនុស្ស​ម្នាក់​ចង់​រស់​នៅច្រើន​តែ​មាន​ភាព​ខុសគ្នា​តាម​ គំនិត​ និងការ​ចង់​បាន​របស់​មនុស្ស​ម្នាក់ៗ។

ជីអូប៉ុស្តិ នឹង​នាំ​អ្នក​ឲ្យ​បាន​ដឹង​ពី​ទស្សនៈ​របស់​យុវជន-យុវនារី​ ៣ នាក់​ដែល​បាន​លើក​ឡើង​ពី​លក្ខណៈ​នូវ​សង្គម​មួយ​ដែល​គេ​ចង់​បាន។

កញ្ញា ប៉ាង ស្រី​មករា ជា​គណនេយ្យ​ករ​បម្រើ​ការ​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​ឲ្យ​ដឹង​ថា សង្គម​ដែល​កញ្ញាចង់​បាន​គឺ​ជា​សង្គម​មួយ​ដែល​មនុស្ស​​មាន​ភាព​ស្មើ​គ្នា។

យុវវតីវ័យ ២៥ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​បាន​សង្គម​មួយ​មានភាព​ស្មើគ្នា​ពិត​ប្រាកដ។ អ្នក​មាន​និង​អ្នក​ក្រ​នៅ​ក្នុង​សង្គម​នោះ​ត្រូវតែ​មាន​សិទ្ធិ​ស្មើ​គ្នា ហើយ​ក៏​មិន​ត្រូវ​មាន​គម្លាត​ខ្លាំង​ពេក​ដែរ។

ជាមួយ​គ្នានេះ​ដែរ ការ​រើស​មនុស្ស​ចូល​ធ្វើការ​នៅ​ក្នុង​កន្លែង​ឬ​មុខ​កន្លែង​ណា​មួយ​គួរ​តែ​ ពឹងផ្អែក​ទៅលើ​ការ​វាស់វែស​នៃ​សមត្ថភាព​ពិត​ប្រាកដ​ស្មើៗ​គ្នា ជៀស​វាង​ការ​ពឹងផ្អែក​លើ​ខ្សែ​សាច់​ញាតិ អ្នក​រាប់អាន​គ្នា ឬ​អំពើ​ពុករលួយ»។

លោក ចាប វិក្រាន ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​វ័យក្មេង​មួយ​រូបវិញ បាន​លើក​ឡើង​ថា សង្គម​ដែល​ល្អ​បំផុត​សម្រាប់​លោក គឺ​សង្គម​ដែល​ប្រជាជន​ទាំង​ឡាយ​គោរព​ច្បាប់​របស់​ប្រទេស​ដោយ​ «ចេញ​ពី​បេះដូង​ពិតៗ»។

លោកថា៖ «ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម​មួយ​ចេះ​គោរព​ច្បាប់ មិនមែន​ពីព្រោះ​ខ្លាច​ការ​ពិន័យ ឬការ​ដាក់​ទោស​នោះ​ឡើយ តែ​ដោយ​ចេញ​ពី​មនសិកា​ពិត​ប្រាកដ។ ច្បាប់​នៃ​ប្រទេស​មួយ​​ មាន​តួនាទី​រក្សា​ស្ថេរភាព និង​សន្តិសុខ​របស់​ប្រទេស​នោះ។ ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​ម្នាក់​គោរព​ភ្លើង ឬផ្លាក​សញ្ញា​ចរាចរណ៍ ក៏ព្រោះតែ​ឃើញ​មាន​សមត្ថកិច្ច​ចរាចរណ៍​នៅ​ជិត​នោះ ហើយ​បំពាន​ទៅ​វិញ​នៅ​ពេល​ដែល​ពុំ​មាន​សមត្ថកិច្ច​នោះ​ទេ»។

ដោយឡែក សហគ្រិនវ័យ​ ២២ ​ឆ្នាំមួយ​រូបគឺ កញ្ញា តី សុខម៉ី បាន​ឲ្យដឹងថា ក្រៅពី​ច្បាប់ និង​សមភាព អ្វី​ដែល​សង្គម​ល្អ​ប្រសើរ​ត្រូវការគឺ ឱកាស​នៃ​ការ​បង្កើត​មុខ​ជំនួញ។

កញ្ញា​បាន​ពោល​ថា៖ «វា​អាច​នឹង​ចេញ​ពី​គំនិត​ចូលចិត្ត​ការ​ធ្វើ​ជំនួញ​របស់​ខ្ញុំ ក៏ប៉ុន្តែខ្ញុំ​យល់​ថា​សង្គម​ដែល​ល្អ​បំផុត​​គឺ​ជា​សង្គម​ដែល​ផ្តល់​ឱកាស​ បង្កើត​មុខជំនូញ​ទៅ​ដល់​ប្រជាជន ជា​ពិសេស​យុវវ័យ​។ ក៏ជា​ផ្នែកមួយ​នៃការបង្កើន​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ច​ជាតិ រដ្ឋាភិបាល​គួរ​តែ ផ្តល់​ការបណ្តុះ​បណ្តាល​បន្ថែម​ទៅ​លើ​ប្រធាន​បទ​នេះ ព្រម​ទាំង​សម្រួល​ទៅ​ដល់​ការ​បង្កើត និង​ដំណើរ​ប្រតិបត្តិការ​របស់​អាជីវកម្ម​ផងដែរ»។

ចុះ​ចំណែក​អ្នក​វិញ? តើ​អ្នក​យល់​ស្រប់​នឹង​ការ​លើកឡើង​របស់​ពួក​គេ​ឬទេ? បើ​សិន​ជា​អ្នក​ចង់​បញ្ចេញ​​មតិ​របស់​អ្នក​ចំពោះ​ប្រធាន​បទ​នេះ ឬ​ប្រធាន​បទ​ផ្សេងៗ​ទៀត ។

</div>