រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ក្នុង​តំបន់​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ មាន​ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ​…​មានការ​ពិបាក​ក្នុង​ការ​ដែល​អត់​ចរន្តអគ្គិសនី​ប្រើប្រាស់ នៃ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ខណៈ​ដែល​ចរន្តអគ្គិសនី​បាន​ដាច់​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​។ ជាមួយ​គ្នា​នេះ​ដែរ​គេ​សង្កេត​ឃើញ បងប្អូន​អាជីវករ​មួយ​ចំនួន​សប្បាយចិត្ត​ដោយ​ឃើញ​ទៀន​មាន​ហាងឆេង ព្រះ​តំបន់​មួយ​ចំនួន​ខាងលើ​នេះ​ត្រូវការ​ទៀន​ជា​ចាំបាច់ ក្នុង​ការ​អុជ​បំភ្លឺ​នៅ​ពេល​យប់​។ ជា​ហេតុ​បណ្ដាល​ឲ្យ​ទៀន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​ច្រើន​ដង សឹងតែ​រក​ទៀន​លក់​មិន​បាន​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទូ​ចែកចាយ​អគ្គិសនី​តង់ស្យុង​មធ្យម​ជា​ច្រើន​គ្រឿង​បាន​ផ្ទុះ​ឆេះ រួម​ជាមួយ​អគារ​ថ្ម​មួយ​ខ្នង បន្ទាប់​ពី​ភ្លៀង​បាន​បង្អុរ ហើយ​រន្ទះបាញ់​ចំ​មុខជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ឆ្លង​ចរន្ត បណ្តាល​ឱ្យ​អគ្គិសនី​ស្ទើរ​មួយ​ចំហៀង​រាជធានី​ភ្នំពេញ​ដាច់​ផង​ដែរ​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ ២០១៧ នៅ​ក្នុង​បរិវេណ​អនុ​ស្ថានីយ​អគ្គិសនី​ទី​៥ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​ពេល​ភ្លៀង​បាន​បង្អុរ​ធ្លាក់​ទាំង​ព្រឹក មាន​ទាំង​ខ្យល់ និង​ផ្លេកបន្ទោរ ស្រាប់តែ​រន្ទះបាញ់​ទៅ​ចំ​ពីមុខ​រោងចក្រ​អគ្គិសនី​ជា​ហេតុ​ធ្វើ​ឱ្យ​ឆ្លង​ចរន្ត​ផ្ទុះ​ឆេះ​បន្ទប់​ចែកចាយ​ភ្លើង​តែ​ម្តង​។

ខណៈ​ដែល​មាន​រន្ទះ​គេ​ឃើញ​ភ្លើង​ខៀវ​បាន​ជះ​នៅ​តំបន់​ក្បែរ និង​លាន់ឮ​កក្រើក​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ក្រាប​គ្រប់​ៗ​គ្នា​។ ភ្លាម​ៗ​នោះ​អគារ​មួយ​ខ្នង​នៅ​ក្នុង​បរិវេណ​ផ្នែក​ខាងជើង​នៃ​អនុ​ស្ថានីយ​ក៏​ផ្ទុះ​ឆេះ​ផ្សែងហុយ​ទ្រលោម និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ភ្លើងអគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​សែន​សុខ ព្រែក​ព្នៅ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដាច់​ផង​ដែរ​។ បន្ទាប់​ពី​មាន​អគ្គិភ័យ​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ប្រមាណ​២​ម៉ោង ទើប​រលត់​។​

តាម​មន្ត្រី​អគ្គិសនី​ម្នាក់​បានឱ្យ​ដឹង​ថា ការ​កើត​មាន​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​រន្ទះបាញ់​នៅ​ចំ​ពីមុខ អនុ​ស្ថានីយ​អគ្គិសនី​ទី​៥ បណ្តាល​ឱ្យ​ឆ្លង​ចរន្ត​ទៅ​ម៉ាស​កប់​ក្រោម​ដី​ធ្វើ​ឱ្យ​ឆាបឆេះ​អគារ​ធ្វើការ និង​ផ្ទុក​ទៅ​ដោយ​ទូ​ចែកចាយ​អគ្គិសនី​តង់ស្យង់​ធ​ម្យ​ម ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​អគ្គិសនី​កាត់​ផ្តាច់​។ អគារ​ថ្ម​ដែល​ឆេះ​នេះ​ទំហំ​បណ្តោយ​ប្រវែង​៥៨​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ និង​ទូ​ចែកចាយ​អគ្គិសនី​តង់ស្យង់​មធ្យម​ចំនួន​១៥​ទូ ក៏​រង​ការ​ខូចខាត​ដែរ ក្នុង​នោះ​៥​ទូ​ខូច​ទាំងស្រុង​។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ចំណុច​ដែល​រន្ទះបាញ់​ចំ​នោះ​បាន​ឆេះ​ខ្លោច​ស្មៅ និង​មាន​រណ្តៅ​ធំ​មួយ​នៅ​ក្បែរ​ប៉ាណូ​ទុក​ចោល​មួយ​នៅ​ចំ​ពីមុខ​ឈៀង​ខាងជើង នៃ​អនុ​ស្ថានីយ​អគ្គិសនី​ទី​៥ ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​៕