ដំណឹងល្អ! ច្បាស់ហើយថ្ងៃបើកឲ្យដំណើរការស្ពានជ្រោយចង្វារទី១ឡើងវិញ
ស្ពានជ្រោយចង្វារទី១នឹងបើកដំណើរការឡើងវិញនៅដើមខែមេសា ខាងមុខនេះហើយ បន្ទាប់ពីបានជួសជុលឡើងវិញតាំងពីខែកញ្ញា ឆ្នាំ២០១៧។
នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការណ៍កាលពីម្សិលមិញបានសរសេរថានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះជាកាលបរិច្ឆេតគ្រោងបើកដំណើរការណ៍ឡើងវិញស្ពានមិត្តភាព កម្ពុជា-ជប៉ុន ឬជ្រោយចង្វារទី១ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ស្ពាននេះបានដាក់សម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានប្រវែង៩៧១ម៉ែត្រ ទទឹង១៣ម៉ែត្រ។ ស្ពានជ្រោយចង្វារទី១ត្រូវបានកាត់ផ្ដាច់នៅសម័យសង្គ្រាម និងបានស្ដារឡើងវិញនៅឆ្នាំ១៩៩២ដោយជប៉ុន។
ដោយមានអាយុកាលចំណាស់ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩៕