អ្នក​ចាំ​ទី David de Gea បាន​ធ្វើ​ការ​សុំ​អភ័យ​ទោស​ចំពោះ​ការ​លេង​មិន​បាន​ល្អ​របស់ Manchester United ​ដែល​ភ្លាត់​ចាញ់ Everton ៤-០ កាល​ពី​យប់​មិញ។

De Gea បាន​ចាប់​ផ្ដើម​​​ដោយ​​ធ្វើ​ជា​ប្រធាន​ក្រុម​ក្នុង​ការ​ប្រកួត​ដែល​លេង​ក្នុង​កីឡដ្ឋាន Goodison Park ប៉ុន្តែ United ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​ ២-០ ក្នុង​វគ្គ​ទី​មួយ​ដែល​ជា​ការ​ខំប្រឹង​រក​គ្រាប់​ពី​សំណាក់​កីឡាករ Richarlison និង Gylfi Sigurdsson។

ឈាន​ដល់​វគ្គ​ទី​ពីរ​កីឡាករ​បម្រុង Ashley Young បាន​​មក​ធ្វើ​ប្រធាន​ក្រុម​ជំនួស​វិញ យ៉ាងណាមិញ Everton មិន​​បន្ធូរ​ដៃ​បន្ថែម​បាន​២​គ្រាប់​ទៀត​សម្រេច​ដោយ​កីឡាករ Lucas Digne និង Theo Walcott។ អ្នក​ចាត់​ការ Ole Gunnar Solskjaer បាន​ធ្វើ​ការ​សុំទោស​អ្នក​គាំទ្រ​ដែល​​បាន​ហោះហើរ​មក​ទស្សនា បន្ទាប់​ពី​ចប់​ការ​ប្រកួត។

សម្រាប់ De Gea បាន​​បង្ហោះ​សារ​សុំទោស​ដូច​គ្នា​៖ “វា​ពិបាក​រក​ពាក្យ​មក​និយាយ​ពី​អារម្មណ៍​ថ្ងៃ​នេះ​ណាស់។ ក្នុង​នាម​​ជា​ប្រធាន​ក្រុម ខ្ញុំ​ចង់​និយាយ​ថា ការ​លេង​របស់​ក្រុម​ថ្ងៃ​នេះ​​មិន​មាន​លក្ខណៈ​ស្តង់ដារ​ទេ។ ពួក​យើង​ដឹង​ថា ពួក​យើង​ត្រូវ​តែ​ពង្រឹង ប៉ុន្តែ​​សម្ដី​មិនមែន​ន័យ​ច្រើន​ទេ។ ពួក​យើង​​ត្រូវ​តែ​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ដល់​ក្លឹប​នេះ។ អរគុណ​សម្រាប់​ការ​គាំទ្រ​ដោយ​ឥត​លក្ខខណ្ឌ​របស់អ្នក"៕ ​