Paris St-Germain នឹង​លេង​ទល់​ Real Madrid នៅ​ប្រកួត​បើក​ឆាក​ Champions League ដោយ​គ្មាន​វត្តមាន​កំពូល​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ខ្លួន​គឺ Neymar, Edinson Cavani និង​ Kylian Mbappe។​

Neymar ត្រូវ​ពិន័យ​២​ប្រកួត​ដោយ​សារ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ដាក់​មន្ត្រី​រៀប​ចំ​ការ​ប្រកួត​កាល​ប៉ះ Manchester United វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រដូវ​កាល​មុន​។ មិត្ត​រួម​​ក្រុម​២​រូប​ទៀត​ ដូចជា Cavani និង​ Mbappe សុទ្ធ​តែ​មាន​បញ្ហា​របួស​មិន​ទាន់​ជា។​


Eric Choupo-Moting អតីត​ខ្សែ​ប្រយុទ្ធ​ Stoke អាច​នឹង​លេង​ជា​ជម្រើស​ដំបូង​ ខណៈ Mauro Icardi ដែល​ក្លឹប​ខ្ចី​ជើង​ពី Inter Milan នោះ​នៅ​មិន​ទាន់​ច្បាស់១០០%​ ​ថា​បាន​លេង​ឬ​ក៏​អត់​ទេ។ Real Madrid​ ក៏​អវត្តមាន​កីឡាករ​មួយ​ចំនួន​ដែរ ដូចជា Marcelo, Isco និង​ Marco Asensio មាន​បញ្ហា​របួស។​


​Nacho និង​ Sergio Ramos ជាប់​ពិន័យ​មិន​ទាន់​លេង​បាន​​ ប៉ុន្តែ​ Eden Hazard ដែល​ប្ដូរ​ចូល​ប្រកួត​កន្លង​ទៅ​អាច​​លេង​ជា​ជម្រើស​ដំបូង។​ ចំពោះ​ Gareth Bale ទោះ​អវត្តមាន​ប្រកួត​ទល់​ Levante ក៏​អាច​មាន​មុខ​ក្នុង​ប្រកួត​យប់​នេះ​ដែរ៕