"/>


បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ក្រោយ​ពី​បញ្ចេញ​រឿង​ទី​១ "កំពូល​ល្ងង់​នៅ​អាស៊ី" នៅ​ពេល​នេះ ផលិតកម្ម Galaxy របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បញ្ចេញ​ស្នាដៃ​ទី​២​ទៀត​ហើយ គឺ​រឿង "កុំ​ងាក​ក្រោយ" ដែល​ជា​ស្នាដៃ​ដឹកនាំ​រឿង​របស់ រ៉ូណាន ចាន់ណា។

នេះ​ជា​រសជាតិ​ថ្មី​របស់​ផលិតកម្ម ដែល​រឿង​ទី​១​ជា​ប្រភេទ​រឿង​កំប្លែង​សើច​សប្បាយ។ ប៉ុន្តែ​រឿង​ទី​២​នេះ​វិញ គឺ​ប្រភេទ​រឿង​ភ័យ​រន្ធត់ ព្រឺព្រួច បើ​នៅ​ម្នាក់​ឯង​ស្ទើរ​មិន​ចង់​ហ៊ាន​មើល។ រឿង​នេះ គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ២០១៩​នេះ។ បើ​តាម​លោក យឹម តាស្រង់ អ្នក​ចាត់ការ​ទូទៅ​របស់​ផលិតកម្ម​បាន​ឲ្យ​ដឹង​ថា "កុំ​ងាក​ក្រោយ" គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ពេល​វេលា​ជាមួយ​គ្នា​តែ​ម្ដង។

តាម​កាល​វិភាគ ក្រៅ​ពី​នៅ​ភ្នំពេញ បង​ប្អូន​ប្រិយមិត្ត​នៅ​តាម​បណ្ដា​ខេត្ត​ដូច​ជា បាត់ដំបង​-​សៀមរាប​-​ព្រះសីហនុ​-​បន្ទាយមានជ័យ-ប៉ោយប៉ែត-តំបន់អ្នកលឿង​-​ស្វាយរៀង និងខេត្ត កំពង់ចាម ក៏អាចទស្សនាព្រមៗគ្នាដែរ។

បន្ទាប់​ពី​បញ្ចេញ​វីដេអូ Trailer រឿង​នេះ បាន និង​កំពុង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ដោយ​ក្នុង​នោះ​គេ​បាន​ឃើញ​ចំនួន​អ្នក​ចូល​ទៅ​មើល Trailer នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ផលិតកម្ម​រាប់​ម៉ឺន និង​ចែក​រំលែក​បន្ត​ឲ្យ​គ្នា​រាប់​ពាន់​ដង​ឯណោះ។