ទាក់ទងនឹងបញ្ហាប្រឈមនៃការទិញដីឡូតិ៍នៅក្នុងទីផ្សារកម្ពុជា លោកឧកញ៉ាចេង ខេង ជាជើងចាស់ផ្នែកអចលនទ្រព្យ ជាអ្នកវាយតម្លៃអចលនទ្រព្យដ៏ចាស់វស្សា 0ថា «មួយរយៈចុងក្រោយការពុះដីឡូតិ៍គឺគគ្រឹកគគ្រេងណាស់ ហើយសម្រាប់ខ្ញុំវិញគឺមិនសូវជាលើកទឹកចិត្ត ពីព្រោះអាចនឹងមានបញ្ហានាពេលអនាគត ដោយសារដីឡូតិ៍នៅពេលដែលត្រូវការសាងសង់ ត្រូវទៅរកអ្នកដឹកព្រំ អ្នកជិតខាងក៏ពិបាករក អ្នកខ្លះទិញទុកចោល ការតទឹក តភ្លើងក៏ពិបាក ខ្លះសង់២ជាន់ ៣ជាន់ ផ្លូវតូចចង្អៀតពិបាក ។ល។» 

ដូច្នេះបញ្ហាប្រឈមនាពេលអនាគត របស់ដីឡូតិ៍គឺ៖ អ្នកអភិវឌ្ឍន៍មិនបានគិតគូរទៅលើប្លង់មេរបស់គម្រោងឱ្យបានត្រឹមត្រូវ ពោលគឺធ្វើឱ្យអ្នកទិញ សាងសង់តាមចិត្តនឹកឃើញ មានការធ្វើផ្ទះដាច់ៗពីគ្នា គឺមានផលលំបាក ព្រោះបច្ចុប្បន្ន ការធ្វើផ្ទះ ម្ចាស់ផ្ទះច្រើនតែមានបញ្ហាជាមួយជាង ហើយគ្មានអ្នកត្រួតពិនិត្យគុណភាពសំណង់បានត្រឹមត្រូវនោះទេ ម្យ៉ាងទៀតគឺផ្ដល់បញ្ហាដល់ម្ចាស់ឡូតិ៍នីមួយៗ ដោយអ្នកអភិវឌ្ឍមិនបានគិតគូរទៅលើហេដ្ឋារចនាសម្ព័ន្ធឱ្យបានម៉ត់ចត់តែម្ដង។ 

តែទោះបីយ៉ាង លោកឧកញ៉ាក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល​ ក៏បានបង្កើតច្បាប់ទម្លាប់ដែរទាក់ទងការពុះដីឡូតិ៍ ហើយនឹងកាន់តែប្រសើរ បើអ្នកវិនិយោគឲ្យអនុវត្តន៍តាមគោលការណ៍ច្បាប់ តួយ៉ាងថាតើត្រូវទុកផ្លូវប៉ុន្មានម៉ែត្រ ប្លង់លំនៅដ្ឋានបែបណាប្រព័ន្ធលូទំហំមុខកាត់ប៉ុន្មានម៉ែត្រ។ ទាំងនេះដើម្បីឲ្យការអភិវឌ្ឍន៍មាននិរន្តភាព គោរពតាមបទដ្ឋាន បរិស្ថាន និងសោភ័ណភាពរបស់ទីក្រុង។

ទន្ទឹមនឹងនេះ ការទិញដីឡូតិ៍នឹងក្លាយទៅជារឿងល្អ ជួយប្រជាពលរដ្ឋមានកម្រិតជីវភាពមធ្យម និងទាប ឱ្យមានដី និងវិនិយោគបាន ប្រសិនបើ ចេះពិចារណា ចេះសិក្សាឱ្យបានល្អិតល្អន់ ដែលគន្លឹះទាំងនោះរួមមាន៖

1. មុន​ទិញ​ដី ត្រូវ​ស្គាល់​ប្រវត្តិ​អ្នក​ធ្វើ​គម្រោង​ឱ្យ​បាន​ច្បាស់​លាស់សិនថា តើ​ជា​មនុស្ស​ស្មោះត្រង់​ឬ​ទេ? តើ​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​ឬ​ទេ? តើ​មាន​ប្រវត្តិ​ធ្វើ​គម្រោង​ល្អ​ឬ​ទេ?

2. ពលរដ្ឋ​គួរតែ​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ត្រួត​ពិនិត្យ​ពី​ភាព​ស្រប​ច្បាប់​របស់​ដី​ទាំង​នោះ។

3. មុន​ទិញ​ដី បើ​ទោះ​បី​ទិញ​ក្នុង​ទម្រង់​ជា​ការ​បង់​រំលស់ គឺ​គួរតែ​សុំ​មើល​ប្លង់​មេ ពីព្រោះ​គម្រោង​ពុះ​ដី​ឡូតិ៍​លក់​ហើយ ពលរដ្ឋ​ភាគ​ច្រើន​មិន​ហ៊ាន​សុំ​ប្លង់​មេ​គេ​មើល​ឡើយ ព្រោះ​ពួកគេ​ភ័យ​ខ្លាច។ ប៉ុន្តែសូមពលរដ្ឋដែលទិញដីឡូតិ៍ទាំងអស់ត្រូវ​ហ៊ាន​សុំ​ប្លង់​មេ​គេ​មើល ដែល​វា​បញ្ជាក់​ពី​ភាព​ស្មើ​មុខ​ស្មើ​មាត់​ក្នុង​នាម​អ្នក​ទិញ​និង​អ្នក​លក់។

4. ពិនិត្យ​មើល​ថា តើ​តំបន់​នោះ​មាន​សក្តានុពល​ដែល​ឬ​ទេ? ការ​ទិញ​ដី​ចំ​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច វា​នឹង​ធ្វើ​ឱ្យអ្នក​អាច​លក់​ចេញ ដោយ​ចំណេញ​បាន​ប្រាក់​ច្រើន។  

5. ពិនិត្យ​មើល​ហេដ្ឋា​រចនា​សម្ព័ន្ធ ពីព្រោះ តំបន់​ដែល​ដី​មាន​តម្លៃ​ថោក​មួយ​ចំនួន គឺ​មាន​តែ​ផ្លូវ ឬ​ភ្លើង ប៉ុន្តែ ពុំ​ទាន់​មាន​ទឹក​ត​ទៅ​ដល់​នោះ​ទេ៕