ប្រមុខ​ការពារជាតិ​លោក​ ទៀ បាញ់ ព្រមាន​ថា​នឹង​មិន​លើកលែង​បាន​ឡើយ ចំពោះ​បុគ្គល​មួយចំនួន​ដែល​បាន​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​ថា បាន​ផលិត និង​បោះពុម្ព​ផែនទី​ខ្នាត​ ១/២៥០០០ ​នេះ​ដែល​ជា​ការធ្វើ​ឱ្យ​បាត់បង់​ទឹកដី​។

ក្នុង​ពិធី​ប្រគល់ និង​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក​ កម្ពុជា-វៀតណាម ​ខ្នាត​ ១/២៥០០០ ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ ៣៥ ​យក​ទៅ​ប្រើប្រាស់​ពី​ម្សិលមិញ​នៅ​វិមាន​សន្តិភាព ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​បំពេញ​កិច្ចការ​នេះ​បានល្អ​បំផុត​ជា​ប្រវត្តិសាស្ត្រ​មិន​ដែល​មាន​សម្រាប់​ប្រទេស​កម្ពុជា​ ដោយសារ​ការធ្វើ​បាន​នូវ​ផែនទី​ខ្នាត​ ១/២៥០០០ ​នេះ​ដែល​ជា​ជោគជ័យ​មួយ​ដ៏ធំ​សម្រាប់​ជា​ឯកសារ​ជាតិ​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនអាច​អត់ឱន​ឲ្យ​បានទេ​ចំពោះ​អ្នក​មួយចំនួន​ចោទប្រកាន់​ថា ការផលិត និង​បោះពុម្ព​ផែនទី​ខ្នាត​ ១/២៥០០០ ​នេះ​ជា​ការ​ធ្វើឲ្យ​បាត់​ស្រុក បាត់​ប្រទេស​បាត់​ទឹកដី​ជាដើម​នេះ​។ វា​ជា​ជោគជ័យ​របស់​ប្រទេស​យើង​ដែល​យើង​បាន​ធ្វើ​ដោយ​លំបាក​»​។

លោក​ថា​៖ «​ដោយសារ​យើង​សម្រេច​បាន​លុះត្រាតែ​មាន​ការឯកភាព​ពី​ប្រទេស​ជិតខាង​យើង​ផងដែរ​។ មាន​ការពិបាក​ណាស់ ប៉ុន្តែ​បែរជា​មាន​ជន​អគតិ​មួយចំនួន​មក​ចោទប្រកាន់​យើង ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​»​។

លោក​បន្ថែម​ថា ចំពោះ​អ្នក​ដែល​ធ្វើ​ប្រជាភិថុត អ្នក​ដែល​និយាយ​គ្មាន​មូលដ្ឋាន គ្មាន​ការពិត​ទាក់ទង​នឹង​ការបោះពុម្ព​ផែនទី​ខ្នាត​ ១/២៥០០០ ​នេះ​នឹងត្រូវ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។


គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​កាលពី​ថ្ងៃទី​ ១ សីហា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ភាគី​វៀតណាម​ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ុកបៃ ខេត្ត​តៃនិញ​។ ភាគី​ទាំង​ ២ ​បាន​ប្រគល់ និង​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក​ខ្នាត​ ១/២៥០០០ ដែល​បាន​កំណត់ព្រំដែន​ ៨៤% ដែល​កម្ពុជា​ និង​វៀតណាម​បាន​ឯកភាព​គ្នា​។

ការរៀបចំ​ប្រគល់ និង​ទទួល​ផែនទី​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​ ង្វៀន សួនហ៊្វុក​នាយករដ្ឋមន្ត្រី​វៀតណាម ចុះ​ហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ ២ ​ដែល​សម្រេច​បាន​ចំនួន ៨៤ ​ភាគរយ​កាលពី​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០១៩​។

ការយក​ផែនទី​ខ្នាត ​១/២៥០០០ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​លោក​ ទៀ បាញ់ មិនទាន់​អាច​កំណត់​បាន​ថា​នៅពេលណា​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​ថា សម្រាប់​ទាំងអស់​គ្នា​ត្រូវ​ដឹង និង​ប្រើប្រាស់​ផែនទី​នេះ​ដែល​ជា​ផែនទី​ពិតប្រាកដ មិន​ដែល​មាន​ពីមុន​មក​ទេ​។

លោក​ ទៀ បាញ់ ថា​៖ «​យើង​បាន​បោះបង្គោល​សម្គាល់​យ៉ាង​ជាក់លាក់​ដែល​យើង​មិន​ដែល​ធ្វើ​បាន​ទេ​ពីមុនមក​។ ​ប៉ុន្តែ​ពេលនេះ​យើង​ធ្វើបាន ហើយ​យើង​មាន​មោទនភាព ខ្លាំងណាស់​ដែល​បាន​បោះពុម្ព​ និង​ប្រគល់​ទៅ​តាម​ក្រសួង​ស្ថាប័ន​សម្រាប់​ប្រើប្រាស់​»​។

ចំពោះ​កិច្ចការ​នៅ​សេសសល់​ចំនួន​ ១៦% ​ទៀត​ទើប​បញ្ចប់​ក្នុង​ការបោះបង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម លោក​ ទៀ បាញ់ ថ្លែងថា បំណង​របស់​ប្រទេស​កម្ពុជា គឺ​ចង់​បញ្ចប់​ឱ្យបាន​ឆាប់ៗ​។ ប៉ុន្តែ​កម្ពុជា​មិនអាច​ធ្វើបាន​តែម្នាក់ឯង​នោះទេ គឺ​ត្រូវ​មាន​ការចរចា ពិភាក្សា​គ្នា​ជាមួយ​ភាគី​វៀតណាម​រហូត​ប្រទេស​ទាំង​ ២ ​ឯកភាព​គ្នា​ទើប​អាច​បញ្ចប់​បាន​។

លោកប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា​ ៣៥ បានចែង​ពី​ការការពារ និង​ការផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​សម្តែង​មតិ​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ចសង្គម នយោបាយ​ក៏ដូចជា​ផ្តល់​នូវ​មតិ​ត្រឡប់​ទៅវិញ​ចំពោះ​កិច្ចការ​របស់​សមត្ថកិច្ច​ក៏ដូចជា​រដ្ឋាភិបាល​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់​ថា ទាក់ទង​នឹង​រឿង​ព្រំដែន​នេះ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ក្នុង​ការសួរនាំ បញ្ចេញមតិ ការយល់ឃើញ និង​ការបារម្ភ​របស់គាត់​ក្នុង​ទិដ្ឋភាព​ណាមួយ​ដែល​គាត់​មើលឃើញ​។ ចំណាត់ការ​ដោយ​ការដាក់ទោស​ទណ្ឌ​ ឬ​ការព្រមាន​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ អាជ្ញាធរ​មាន​សមត្ថកិច្ច​មិនគួរ​យក​មក​ប្រើ​ទេ​តែ​អ្វីដែល​គួរ​ធ្វើ​គឺ​ការ​ផ្តល់ព័ត៌មាន​ឱ្យ​ប្រជាពលរដ្ឋ​បាន​គ្រប់​ជ្រុងជ្រោយ ទាន់​ពេលវេលា ដោះស្រាយ​ប្រកបដោយ​តម្លាភាព និង​ភាពត្រឹមត្រូវ​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន​ជា​ដំណោះស្រាយ​ដែល​ល្អ​បំផុត​»​។

កាលពី​ថ្ងៃទី​ ២៥ សីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ឱ្យ​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​អះអាងថា បាត់​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម​ដោយ​លោក​ប្រាប់​ឲ្យ​បើកចំហ​ចំពោះ​ព័ត៌មាន​ជុំវិញ​បញ្ហា​បោះបង្គោល​ព្រំដែន​។ លោក​ វ៉ា គឹមហុង ប្រាប់ ពី​ម្សិលមិញ​ថា​លោក​នឹង​ចុះ​ជួប​ពលរដ្ឋ​នៅក្នុង​ខេត្ត​នោះ ប៉ុន្តែ​មុន​នឹង​ចុះទៅ​លោក​ស្នើឱ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ​ស្រង់​ស្ថិតិ​ពិតប្រាកដ​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ដីធ្លី​របស់​ពួកគាត់​។

កាលពី​ចុង​ខែ​មុន​ចូល​ដើម​ខែ​សីហា​នេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក​ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ដោយ​ចោទ​ពី​បទ​ញុះញង់​។ 

ការចាប់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ចុះទៅ​ជួប​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ពលរដ្ឋ​អះអាង​ថា កម្ពុជា​បាត់​ដី​ទៅ​វៀតណាម​។ ប៉ុន្តែ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ច្រានចោល​ការលើក​ឡើង​នេះ ហើយ​ចាត់ទុក​ជា​ការញុះញង់ និង​បំភាន់​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​៕