អភិបាលខេត្តកំពង់ស្ពឺ បានទទួលជួបប្រជុំជាមួយឯកឧត្តម ប៉ាទ្រីក មើហ្វី (W.Patrick Murphy) ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសិក្សានិងស្វែងយល់អំពីសក្ដានុពល និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងស្ថានទូតសហរដ្ឋអាមេរិក។ 

ការចេញផ្សាយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺអំពីកិច្ចប្រជុំនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំនៃរដ្ឋបាលខេត្ត បានសង្កត់ធ្ងន់ទៅលើសក្ដានុពលនៃភាពរីកចម្រើននិងវឌ្ឍនភាពយ៉ាងលឿន។ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគរោងចក្រអាជីវកម្មសរុបរហូតដល់ជាង១.៥០០មូលដ្ឋានខណៈរោងចក្រធំៗ មានចំនួនសរុប១៦១រោងចក្រ។

ឯកឧត្ដមឯកអគ្គរដ្ឋទូត ពិតជារីករាយណាស់ដោយបានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត និងមានរោងចក្រជាច្រើនបានឲ្យការងារដល់ប្រជាពលរដ្ឋនៅក្នុងខេត្តនោះជាច្រើនម៉ឺននាក់។

ខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅដ៏ទាក់ទាញនិងមានប្រជាប្រិយភាពលើការវិនិយោគក្នុងវិស័យឧស្សាហកម្មរោងចក្រវិស័យកសិ-ឧស្សាហកម្មវិស័យអចលនទ្រព្យវិស័យទេសចរណ៍និងវិស័យអប់រំកម្រិតខ្ពស់ដែលបានរកចំណូលដល់សេដ្ឋកិច្ចជាតិរាប់ពាន់លានដុល្លារ៕