លោក សោម សម្បត្តិ ស្ថាបនិកក្រុមហ៊ុនថ្នាំលាប Cam-Paint បានបង្ហើបពីជំនាញសំខាន់ៗទាំង៤ ដែលអ្នកគួរព្យាយាមដុសខាត់ បើចង់ក្លាយជាអ្នករកស៊ីដ៏ជោគជ័យមួយរូប។ ដោយជំនាញសំខាន់ៗទាំង៤នោះមានដូចជា 

១. ជំនាញបង្កើតឬគ្រប់គ្រងផលិតផល ជំនាញក្នុងការបង្កើតឬគ្រប់គ្រងផលិតផល ​គឺដើរតួរនាទីសំខាន់មែនទែននៅក្នុងអាជីវកម្ម មានន័យថាប្រសិនបើយើងចង់ធ្វើអាជីវកម្មប៉ុន្ដែ យើងមិនចេះពីជំនាញបង្កើតផលិតផលឬសេវាកម្មអ្វីមួយទេ នោះយើងប្រាកដជាមិនអាចបង្កើតអាជីវកម្មបានឡើយ។ 

២. ជំនាញទីផ្សារ ជំនាញទី២ដែលយើងគួរព្យាយាមដុសខាត់នោះ គឺជំនាញទីផ្សារ ដោយហេតុថា បើទោះបីជាយើងអាចបង្កើតផលិតផលល្អយ៉ាងណាក៏ដោយ ប៉ុន្តែបើមិនចេះធ្វើទីផ្សារទេនោះ ទោះបីជាផលិតផល ឬសេវាកម្មដែលខ្លួនបានបង្កើតនោះល្អយ៉ាងណា ក៏គ្មានបានការអ្វីដែរ ព្រោះគ្មានភ្ញៀវមកសាកប្រើផងនោះ។ ដូច្នេះ មុននឹងសម្រេចចិត្តលោតចូលសង្វៀនអ្នករកស៊ី អ្នកគួរតែព្យាយាមដុ ធ្វើទីផ្សារនឹងការលក់ជាមុនសិន។ 

៣. ជំនាញគ្រប់គ្រង  ជំនាញគ្រប់គ្រងមនុស្សគឺជាជំនាញដ៏សំខាន់បំផុតមួយទៀតដែលយើងត្រូវព្យាយាមដុសខាត់ ប្រសិនបើចង់ជោគជ័យលើអាជីវកម្ម។ ដោយការចេះគ្រប់គ្រងនេះ យើងនឹងដឹងថាតើ គួរដាក់ការងារនេះ ឱ្យអ្នកណាធ្វើ ការងារនោះ ឱ្យអ្នកណាទទួលខុសត្រូវជាដើម។ ហើយមួយវិញទៀតការចេះគ្រប់គ្រងបុគ្គលិកបានល្អ នឹងធ្វើឱ្យបុគ្គលិកនៅជាមួយយើងបានយូរ ហើយកាលណាដែលបុគ្គលិកពូកែៗនៅជាមួយយើងបានយូរនឹងធ្វើឱ្យអាជីវកម្មរបស់យើងរឹងមាំផងដែរ។ ដូច្នេះហើយយើងគួរតែយកចិត្តទុកដាក់ព្យាយាមដុសខាត់ជំនាញគ្រប់គ្រងឱ្យបានល្អ។

៤. ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ជំនាញគ្រប់គ្រងហិរញ្ញវិត្ថុនៅក្នុងអាជីវកម្មនេះ លោក មិនសំដៅទៅលើឱ្យយើងទៅរៀនរហូតក្លាយជាគណេយ្យករអីទេ អ្វីដែលយើងចាំបាច់ត្រូវធ្វើនោះ គឺត្រូវព្យាយាមរៀនសូត្រឱ្យមានចំណេះដឹងជុំវិញការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្ម ពោលគឺយើងត្រូវចេះដឹងខាង យើងត្រូវយល់ដឹងពីរបរពន្ធដារ ត្រូវយល់ដឹងថ្លៃដើម ថ្លៃលក់ចេញ ថ្លៃចំនណេញដុល ក៏ដូចជាត្រូវចេះមើលបញ្ជីស្នាមផ្សេងៗទៀតជាដើម៕