គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៤ គឺតភ្ជាប់ពីផ្លូវជាតិលេខ៥១ និងលេខ៤១ អាចសម្រួលដល់ ការធ្វើដំណើរឱ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងចំណាយតិចផងដែរ។ 

គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៤១ បំបែកចេញ​ពី​ផ្លូវជាតិ​លេខ៤​ ​ត្រង់​ចំណុច​ផ្លូវបំបែក​ផ្សារ​ថ្នល់ទទឹង​ ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៣ខេត្តកំពត​ ​ដែលកំណាត់ផ្លូវជាតិលេខ៤១ ពេលនេះ បាននិងកំពុងតែចាប់ផ្តើមបង្ហាញពីសក្ដានុពលរបស់ខ្លួន ក្នុងការទាក់ទាញលើការវិនិយោគ និងអភិវឌ្ឍន៍ជាបណ្តើរៗហើយ។ តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤១​ ​ដែល​ធ្លាប់តែ​ជា​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​ ​បាន​ប្រែរូប​រាង​ជា​ដីរាប​ស្មើ​ជាមួយនឹង​គម្រោង​អភិវឌ្ឍ​ជាច្រើន​គម្រោង​ ​ដែល​ក្នុង​ក្នុង​នោះ​រួមមាន​ដូចជា​គម្រោង​បង្កើត​រោងចក្រ​ ​សិប្បកម្ម​ ​ឃ្លាំង​ ​ដែល​ស្របតាម​ការកំណត់​ទីតាំង​របស់​រដ្ឋា​បាល​ ​ហើយក៏​មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​លំនៅ​ដ្ឋាន​តម្លៃ​កម្រិតមធ្យម​ ​និង​ក្រោម​មធ្យម​ផង​ដែរ​។​ ​

ភាគច្រើនគម្រោងនៅតំបន់ផ្លូវជាតិលេខ៤១ ជាគម្រោងបង្កើតទីតាំងរោងចក្រច្រើនជាងលំនៅដ្ឋាន ហើយតម្លៃដីធ្លីវិញ  នៅមានតម្លៃទាបនៅឡើយ ពោលគឺមានចម្ងាយចាប់ពី១០-១៥គីឡូម៉ែត្រពីចំណុចផ្លូវបំបែកផ្សារថ្នល់ទទឹងអាចក្នុងរង្វង់១៥០-២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចម្ងាយកាន់តែឆ្ងាយជាងនេះកាន់តែធូរថ្លៃ រហូតជិតដល់តំបន់ទីប្រជុំជនផ្សារទើបតម្លៃចាប់ផ្តើមថ្លៃវិញ។

រីឯផ្លូវជាតិលេខ៥១ ហាក់លេចធ្លោជាងផ្លូវជាតិលេខ៤១បន្ដិច ដោយចាប់ពីចំណុចផ្លូវបំបែកផ្សារថ្នល់ទទឹងឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤១ហាក់នៅមានកម្រិតបន្តិច ព្រោះផ្លូវលេខ៥១មានការអភិវឌ្ឍន៍ និងមានចំនួនប្រជាជនច្រើនជាង។

ចំពោះចំណុចខ្លាំង ផ្លូវលេខ៥១ ជាផ្លូវបង្រួញកាត់ក្រុង ងាយស្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ដែលចង់បង្វៀងទីក្រុងភ្នំពេញ អាចធ្វើដំណើរតាមផ្លូវ៥១ ពីផ្លូវជាតិលេខ៤ មកផ្លូវលេខជាតិលេខ៥ ឬផ្លូវជាតិលេខ៥ មកផ្លូវជាតិលេខ៤វិញ ។ ផ្លូវជាតិលេខ៥១មានសក្តានុពលសេដ្ឋកិច្ចដោយសារតំបន់នេះសំបូររោង ចក្រឧស្សាហកម្ម សិប្បកម្ម និងគម្រោងលំនៅដ្ឋាននិងការអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនកន្លែង ហើយមានរោងចក្រជាង៥០កន្លែងកំពុងដំណើរការ និងមានផ្សារ សាលារៀន និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកន្លែងសេវាកម្មផ្សេងៗទៀត។