ស្ថិត​នៅ​ភាគ​ខាង​ត្បូង​​និង​មាន​ចម្ងាយ​៤​៥គ.ម​ពី​ទី​រួម​ខេត្ត​កណ្តាល ​​និង​ជា​ស្រុក​ស្ថិត​នៅ​ជាប់​ដង​ទន្លេ​បា​សាក់ ស្រុកកោះធំ ព្រំដែនជ្រៃធំ ជាផ្លូវ​ទឹក​ដឹក​ជញ្ជូន​យ៉ាង​សំខាន់​ភ្ជាប់ទៅ​ប្រទេស​វៀត​ណាម​និង​ជា​ប្រភព​ទឹក​ដ៏​សំខាន់​​បម្រើ​ឱ្យ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​សម្រាប់​ស្រោច​ស្រព​ស្រូវ​​និង​ដំណាំ​រួម​ផ្សំ​របស់​ប្រ​ជា​ពល​រដ្ឋ​​នាំ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​​វិស័យ​​កសិកម្ម​ កសិ-ឧស្សាហកម្ម​និង​អេ​កូ​ធម្ម​ជាតិ​។ 

ជ្រៃធំ មានព្រំប្រទល់ ខាងលិចជាប់ស្រុកព្រៃកប្បាសនៃខេត្តតាកែវ ខាងកើតជាប់លើកដែក ខាងជើងជាប់ ស្រុកស្អាង និងខាងត្បូងជាប់ខេត្តអានយ៉ាង នៃប្រទេសវៀតណាម ដែលជាច្រកទ្វារព្រំដែនទ្វេរភាគីជ្រៃធំ-ខ្នារតាំងយូ។


ព្រំដែនមួយនេះ ហាក់មិនសូវខ្វាយខ្វល់ពីសំណាក់អ្នកវិនិយោគខ្នាតតូចប៉ុន្មានឡើយ ប៉ុន្តែតំបន់នេះ កំពុងសំងំ វិវត្តិខ្លួនទៅជាទីក្រុងស៊ីវិល័យ ក្រោយកណ្តាប់ដៃ ក្រសួងសាធារណការណ៍ និងក្រុមហ៊ុនអភិវឌ្ឍជាតិ និងអន្តរជាតិ ធំៗ។


តំបន់ច្រកទ្វារអន្តរជាតិជ្រៃធំ-ឡុងប៊ិន នឹងផ្លាស់ប្តូរទៅជាទីប្រជុំជនហើយក៏ក្លាយទៅជាទីក្រុងផងដែរ ដោយផ្អែកទៅលើចក្ខុវិស័យវែងឆ្ងាយនឹងដោយសារតំបន់នេះជាតំបន់ដែលត្រូវអភិវឌ្ឍន៍ពីកំរិតខ្លីទៅកំរិតវែងនិងពីតូចទៅធំ។ ដើម្បីអនុវត្តការគ្រប់គ្រងនិងការប្រើប្រាស់ដីធ្លីឱ្យត្រូវតាមគោលដៅប្លង់គោលនិងឈានទៅការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យតំបន់ព្រំដែនក្លាយទៅជាទីក្រុងមួយទាល់តែមានការចូលរួមពីសំណាក់អាជ្ញាធរ។ នេះបើយោងតាមរដ្ឋបាលខេត្តកណ្តាល។

បន្ថែមពីលើនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីឱ្យចំគោលដៅ ព្រោះនៅថ្ងៃអនាគតតំបន់ព្រំដែនជ្រៃធំ នេះ នឹងក្លាយទៅជាទីប្រជុំជនមួយដ៏ធំ និងស៊ីវីល័យ មួយ ដូចជាក្រុងបាវិត ជាដើម ហើយដើម្បីអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាព ដាច់ខាតត្រូវតែមានការចូលរួម សម្របសម្រួលពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាជំនាញពាក់ព័ន្ធ។

តែយ៉ាងណា អជ្ញាធរ ត្រូវទប់ស្កាត់សំណង់ លំនៅដ្ឋានខុសច្បាប់ មិនគោរពតាមប្លង់គោល ឬមិនសុំច្បាប់ និងខុសបច្ចេកទេស ខុសប្លង់អនុញ្ញាតជាផ្លូវការ និងសង់មុនសុំច្បាប់ ជាដើម និងត្រូវទប់ស្កាត់ទំនាស់ដីធ្លីក្នុងសង្គម ពុះដីឡូត៍ និងប្តូរប្រភេទដីអនាធិបតេយ្យ ការកាន់កាប់និងទិញលក់ជាន់គ្នា ពិសេសការកាន់កាប់ដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់។

ឯកឧត្តមអភិបាលខេត្ត ធ្លាប់បានលើកឡើងថា បញ្ហាព្រំដែនជ្រៃធំ-ឡុងប៊ិន ជាមួយប្រទេសវៀតណាមដែលមានការអភិវឌ្ឍន៍ខ្លាំង ដោយផ្អែកលើកក្តាជាច្រើនដូចជា៖

- ការដំឡើងច្រកទ្វាជ្រៃធំ-ឡុងប៊ិន ទៅជាច្រកទ្វាអន្តរជាតិ 

- ការបោះបង្គោលព្រំដែន -ការដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវ ផ្សេងៗ 

- ការរៀបចំប្លង់គោល ប្រើប្រាស់ដីទីប្រជុំជនជ្រៃធំ ដើម្បីទាក់ទាញអ្នកវិនិយោគ។