លោករស់ សារ៉ាក់ ប្រធានការិយាល័យពន្ធអចលនទ្រព្យ ក៏បានរៀបរាប់ផងដែរថា «ចំពោះដីឡូតិ៍ប្រភេទលំនៅឋាន ដែលទិញទុកចោល មិនបានប្រើប្រាស់ បើជាប់ពន្ធអចលនទ្រព្យគឺត្រូវប្រកាសបង់ ប្រសិនបើអត់ជាប់ពន្ធលើអចលនទ្រព្យទេ ចឹងដីឡូតិ៍នេះ គឺជាកម្មវត្ថុលើដីធ្លីមិនបានប្រើប្រាស់ ដែលការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ មានគោលបំណងសំខាន់ គឺអ្នកទិញដីទុកចោល គឺមិនបានប្រើប្រាស់ មិនសមស្របទៅនឹងការអភិវឌ្ឍ ឬក៏មិនបង្កើនកម្លាំងសេដ្ឋកិច្ច ឬកម្លាំងការងារ ដូច្នេះ ករណីដីឡូតិ៍ទិញទុកចោល អត់យកមកប្រើប្រាស់ កឺជាប់កម្មវត្ថុលើដីធ្លីមិនបានប្រើប្រាស់»។

ការទិញដីឡូត៍ប្រភេទលំនៅឋាននេះ ក៏ជាកម្មវត្ថុនៃការជាប់ពន្ធផងដែរ បើសិនជា តម្លៃអចលនទ្រព្យទាំងនោះលើសពី១០០លានរៀល។

-ដីធ្លីមិនបានប្រើប្រាស់គឺសំដៅដល់ដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ហើយពន្ធនេះផងដែរ ត្រូវបង់ដោយកម្មសិទ្ធិករផ្ទាល់។

ចំពោះមូលដ្ឋានកំណត់ពន្ធគឺកំណត់ថ្លៃដីគិតតាមតម្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិតក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ហើយយ៉ាងយឺតបំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។ ពន្ធនេះត្រូវកំណត់តាមអត្រា ២% លើមូលដ្ឋានកំណត់ពន្ធដែលបានចែងក្នុងមាត្រា ៣០។