មាន​ថ្នាំ​ព្យាបាល​ការ​ជ្រុះ​សក់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អនុម័ត​ឲ្យ​ប្រើ​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ក និង​មានការ​អះអាង​តាម​វិទ្យា​ល​សាស្ត្រ​អំពី​ប្រ​សិ​ទ្ឋ​ភាព​របស់​វា ។ ប៉ុន្តែ​មាន​សេចក្តី​ធានា​អះអាង​ដោយ​មិន​មាន​ភស្តុ​តាង​ជាក់ស្តែង​ជា​ច្រើន​ពាន់​ករណី និង ច្រើន​ពាន់​ផលិតផល ដែល​បាន​អួត​ថា អាច​ជួយ​ព្យាបាល និង​បណ្តុះ​សក់​ឡើង​វិញ ។

សាប៊ូ ,​ជាតិ​វីតាមីន និង​ផលិតផល​ថែរក្សា​សក់​ដទៃ​ទៀត​ជា​ច្រើន​បាន​អះអាង​ថា​អាច​ជួយ​​ស្រោចស្រង់​ឲ្យ​សក់​ដុះ​បាន ។ ផលិតផល​ទាំង​អស់នេះ​ពុំ​មាន​ផ្តល់​ទុក្ខទោស​ដល់​អ្នក​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ​ជា​ទូទៅ​វា​គ្មាន​ប្រយោជន៍​អ្វី​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ទាំង​អស់នោះ​ទេ ។ ដើម្បី​បង្អាក់ ឬ​បញ្ឈប់​ការ​ជ្រុះ​សក់​មាន​ជម្រើស​យ៉ាងតិច​៤ ដែល​អាច​មាន​ប្រសិទ្ធភាព ដែល​រួម​បញ្ចូល​ទាំង​ការ​ប្រើប្រាស់​ថ្នាំ Minoxidil, Propecia និង​Avodart ដែល​ជា​ប្រភេទ​ថ្នាំ​ថែរក្សា​សក់​ជំនួយ​សក់ ហើយ​ថ្នាំ​ទាំងនេះ​ទាមទារ​ការ​ចំណាយពេល​យូរ ។ ការ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​ខាងលើ​នេះ ហាក់ដូចជា​មិន​អាច​ធ្វើ​ឲ្យ​សុខភាព​សក់​របស់​អ្នក​ចុះ​ខ្សោយ ឬ​ការ​ជ្រុះ​សក់​មាន​សភាព​ធ្ងន់​ឡើង​នោះ​ទេ ។

– មី​ណូ​ស៊ី​ឌី​ល Minoxidil (Rogaine) ៖​

អ្នក​អាច​ស្វែងរក​ទិញ​ថ្នាំលាប​នេះ​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​ឡើយ ។ Minoxidil អាច​ប្រើ​បាន​ទាំង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី។ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​ការ​ព្យាបាល​ការ​ជ្រុះ​សក់​នៅ​កណ្តាល​លលា​ដ៏​ក្បាល ហើយ​មាន​ប្រសិទ្ធភាព​តិចតួច​នៅ​តំបន់​ថ្ងាស (frontal region) ។

រ៉ូ​ហ្គ្រែ​ន (rogaine) អាច​បណ្តុះ​សក់​បាន​តិចតួច និង​ថែរក្សា​សក់​មិន​ឲ្យ​ជ្រុះ​ថែម ។ អាច​មាន​ផល​ប៉ះពាល់​តិចតួច​បន្ទាប់​ពី​ការ​ប្រើប្រាស់​ថ្នាំ​នេះ ។ បញ្ហា​ចម្បង​ជាមួយនឹង​ការ​ព្យាបាល​ដោយ Rogaine គឺ​អ្នក​ត្រូវ​តែ​លាប​វា​មួយ ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​ជា​ច្រើន​ធុញទ្រាន់​បន្ទាប់​ពី​ការ​ប្រើប្រាស់​មួយ​រយៈពេល​មក ។

បន្ថែម​ពីលើ​នេះ Minoxidil ហាក់ដូចជា​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​ជ្រុះ​សក់​នៅ​ម្តុំ​ថ្ងាស​ទេ ដែល​ជា​កន្លែង​ធ្វើ​ឲ្យ​រំខាន​ដល់​បុរស​(​ទំពែក​ក្បាល​) ។ ការ​លាប​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​នៅ​លើ​ស្បែក​មុខ ឬក​អាច​បណ្តាល​ឲ្យ​ដុះ​រោម ឬ​សក់​ដែល​យើង​មិន​ចង់បាន​នៅ​តំបន់​នោះ ។

– ហ្វ៊ី​ណាស​ស្តេ​រីត Finasteride (Propecia) ៖​

ថ្នាំ​នេះ​ត្រូវ​បាន​អនុញ្ញាត​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ក ឲ្យ​ប្រើប្រាស់​សម្រាប់​តែ​បុរស​ដែល​មាន​បញ្ហា​ជ្រុះ​សក់​បណ្តាល​មក​ពី​អ៊័​រ​ម៉ូ​ន​អង់​ដ្រូ​ហ្សែ​ន​(androgenic hair loss ) ។

ហ្វ៊ី​ណាស​ស្តេ​រីត (Finasteride) ស្ថិត​ក្នុង​ប្រភេទ​ថ្នាំ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា 5-alpha reductase inhibitors ។ ថ្នាំ​នេះ​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ដោយ​វា​ទៅ​បង្អាក់ (block) សកម្មភាព​នៃ​អ៊័​រ​ម៉ូ​ន​ក្នុង​ឫស​សក់​ក្បាល (scalp hair follicles) ចំពោះ​ស្ត្រីភេទ ជា​ពិសេស​អ្នក​ដែល​អាច​នឹង​មាន​ផ្ទៃពោះ​មិន​គួរ​ប៉ះពាល់​ជាមួយ​ថ្នាំ​ប្រភេទ​នេះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ទារក ។

ប្រសិនបើ​អ្នក​ប៉ះពាល់​ដោយ​ចៃដន្យ​នោះ ត្រូវ​ប្រញាប់​លាងដៃ ឬ​លាង​កន្លែង​ប៉ះពាល់​នោះ​ចេញ​ភ្លាម​ដើម្បី​ចៀសវាង​បញ្ហា​នានា ។ ស្ថិត​ក្រោម​វេជ្ជបញ្ជា​ត្រឹមត្រូវ អ្នកជំងឺ​ត្រូវ​ទទួលទាន​ថ្នាំ Propecia១​មី​ល្លី​ក្រាម ក្នុង​មួយ​ថ្ងៃ ។ ថ្នាំ Propecia អាច​បណ្តុះ​សក់​,​ធ្វើ​ឲ្យ​សរសៃសក់​ក្រាស់​ឡើង ប៉ុន្តែ​ចំណុច​សំខាន់ គឺ​គេ​ប្រើ​វា​ដើម្បី​រក្សា​សក់​ឲ្យ​នៅ​ដូច​ដើម (មិន​ឲ្យ​ជ្រុះ​) ។

ការ​សិក្សា​បាន​បង្ហាញ​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ការ​ជ្រុះ​សក់ ប្រភេទ​មួយ​ចំនួន និង​ត្រូវការ​រយៈពេល​ប្រើប្រាស់​ពី​៦​ទៅ​១២​ខែ មុន​ពេល​ដែល​វា​មាន​ប្រសិទ្ធិ​ភាព​ទាំងស្រុង ។ ប្រសិទ្ធ​ភាពល្អ​ចំពោះ​បុរស​ដែល​អាច​មាន​សក់​នៅ​លើ​ស្បែក​ក្បាល​គ្រប់គ្រាន់​ដើម្បី​រក្សា​ទុក​បន្ត​ទៀត និង​ជួយ​បណ្តុះ​សក់​ថ្មី​ឲ្យ​ដុះ​ឡើង​ថែម ។ វា​មាន​ល​ទ្ឋ​ភាព​តិចតួច​នឹង​អាច​មាន​ផល​ប៉ះពាល់​ក្រោយ​ពេល​ប្រើ​ដូច​ជា អសមត្ថភាព​ផ្លូវភេទ ឬ​ការ​ធ្លាក់​ចុះ​នៃ​ចំណង់​នៃ​ការ​រួម​ភេទ (libido) ។

ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​ខាងលើ​នេះ​អាច​កើត​មាន​ឡើង​បន្តិចបន្តួច ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​អ្នក​ឈប់​ប្រើ​ថ្នាំ​នេះ ។ ការ​ទទួលទាន​ថ្នាំ Propecia មួយ​ថ្ងៃមួយ​ដង​ហាក់ដូចជា​មាន​ភាព​ងាយស្រួល​ជាង​ការ​លាប minoxidil រាល់ថ្ងៃ ប៉ុន្តែ​ការ​លេបថ្នាំ​នេះ​យូរ​ឆ្នាំ មិនមែន​ជា​ការ​ល្អ​ប្រសើរ​នោះ​ទេ​។ ម្យ៉ាងទៀត​អ្នក​ត្រូវ​ចំណាយ​ច្រើន​ក្នុង មួយ​ខែ​ៗ ។

– ឌុ​យ​តាស​ស្តេ​រីត Dutasteride (Avodart) ៖

​វា​អាច​ជួយ​ការពារ​ការ​ជ្រុះ​សក់ ដោយ​វា​បាន​ទៅ​បង្អាក់​ការ​ផលិត ឬ​ចង​ភ្ជាប់​សារធាតុ​ធម្មជាតិ​នៅ​ក្នុង​ឫស​សក់​ក្បាល ។

-​ថ្មី​ៗ​នេះ​ក្រុម​ថ្នាំ​ម្យ៉ាង​ហៅ​ថា ប្រូ​ស្តា​ក្លង់​ឌី​ន អាណា​ឡូ​ក (prostaglandin analogs) ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​ដើម្បី​ធ្វើតេស្ត​ការ​ព្យាបាល​ឲ្យ​សក់​ដុះ​ឡើង​វិញ ។ ថ្នាំ​នេះ​អាច​ប្រើ​បាន​ទាំងប្រុស ទាំងស្រី ។ ប៉ុន្តែ​ថ្នាំ​នេះ​មិន​ទាន់​មានការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​ការ​ជ្រុះ​សក់​ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ក​នៅឡើយ​ទេ ។

បច្ចុប្បន្ន​ពពួក​ថ្នាំ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​រោមភ្នែក​ឲ្យ​ប្រសើរ​ឡើង ។ ថ្នាំ​​ថ្មី​មួយ​មុខ​ទៀត​គឺ bimatoprost ប៉ុន្តែ​វា​តម្រូវ​ឲ្យ​មានការ​សិក្សា​អំពី​ប្រ​សិ​ទ្ឋ​ភាព ៕