បុគ្គលិកស៊ីនទ្រីនៅតែបន្តធ្វើកូដកម្ម ខណៈអាជ្ញាធរភ្នំពេញប្រកាសរើសអ្នកប្រមូលសំរាមថ្មី
បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី នៅតែបន្តទាមទារឲ្យក្រុមហ៊ុន បើកប្រាក់អតីតភាពការងារដល់ពួកគេ ដោយសារព្រួយបារម្ភថា ក្រុមហ៊ុននេះ កាត់បន្ថយទីតាំងប្រមូលសំរាមតាមខណ្ឌឬត្រូវបិទទ្វារ។ ការព្រួយបារម្ភរបស់កម្មករកើតឡើង ខណៈដែលអាជ្ញាធររាជធានីភ្នំពេញមានគម្រោងបែងចែកការគ្រប់គ្រងសំរាមទាំង១៤ខណ្ឌ ជាបីតំបន់ឲ្យក្រុមហ៊ុនចំនួន៣ ដែលជ្រើសរើសចេញពីការដេញថ្លៃរបស់សាលារាជធានីភ្នំពេញ។
អង្គុយទាំងទឹកមុខក្រៀមក្រំជាមួយសម្លៀកបំពាក់ជាបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី លោកយាយ ឈុន ណាវណ្ណ រៀបរាប់ថា ការធ្វើកូដកម្មនេះ គឺដើម្បីឲ្យក្រុមហ៊ុនបើកប្រាក់អតីតភាពការងារ។ លោកយាយដែលជាបុគ្គលិកផ្នែកបោសសំរាមតាមដងផ្លូវរូបនេះ អះអាងថា ប្រសិនភាគីក្រុមហ៊ុន ឬអាជ្ញាធរភ្នំពេញ រើសបុគ្គលិកថ្មីឬត្រូវបញ្ឈប់ការងាររបស់លោកយាយ ក៏លោកយាយមិនព្រួយបារម្ភដែរ។ ទន្ទឹមនឹងនេះ អ្នកបោសសំរាមតាមដងផ្លូវ ដែលធ្លាប់រងគ្រោះដោយសារម៉ូតូបុកពីរដង ខណៈពេលបំពេញការងាររូបនេះ បានសង្កត់ធ្ងន់ថា ខ្លួននឹងស្វែងការងារថ្មីជាអ្នកប្រមូលសំរាម ឬអនាម័យតាមកន្លែងផ្សេងៗ ប្រសិនត្រូវក្រុមហ៊ុនមិនទទួលឲ្យចូលធ្វើការវិញបន្ទាប់ពីធ្វើកូដកម្ម។ ប៉ុន្តែលោកយាយថា អ្វីដែលសំខាន់មុននឹងបញ្ឈប់ក្រុមហ៊ុនត្រូវសងប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗឲ្យកម្មករជាមុនសិន។
«ដោយសារដឹងដំណឹងថាគេនឹងដូរថៅកែថ្មី តម្រូវឲ្យមានអ្នកគ្រប់គ្រង៣នាក់ និងរៀបចំការគ្រប់គ្រងឡើងវិញ ។ អ៊ីចឹងយើងខ្លាចមានការដូរថៅកែថ្មី ម្ល៉ោះហើយទើបយើងទាមទារឲ្យថៅកែចាស់បើកប្រាក់បំណាច់អតីតភាពការងារដល់ពួកយើង។ ការធ្វើកូដកម្មនេះ គឺដើម្បីប្រយោជន៍ទាំងអស់គ្នា មិនមែនធ្វើតែម្នាក់បានទេ អ៊ីចឹងបានខ្ញុំមកចូលរួម...»។ នេះបើតាមការរៀបរាប់របស់លោក ណាវណ្ណ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៥កញ្ញា ឆ្នាំ២០២០។
ចំណែកប្រធានក្រុមរបស់កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី លោក ហួន បូនី បានបញ្ជាក់ថា កម្មករទាំងអស់ប្រមាណ៣,០០០នាក់ ធ្វើកូដកម្មមិនព្រមចូលធ្វើការឡើយ ចាប់តាំងពីថ្ងៃទី២ ដល់ថ្ងៃទី៥កញ្ញានេះ។ លោកថា ការសម្រេចបែបនេះ គឺដោយសារអាជ្ញាធរកំពុងរៀបចំឲ្យក្រុមហ៊ុនដេញថ្លៃយកតំបន់នៅក្នុងរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងសំរាម។
«ក្រុមហ៊ុនហ្នឹង(ស៊ីនទ្រី)មិនមែនប្ដូរថៅកែទេ តែកាលមុនសម្ដេចប្រកាសថា ត្រូវមានក្រុមហ៊ុន៣មកគ្រប់គ្រងសំរាមនៅក្នុងភ្នំពេញ តាមការដេញថ្លៃយក។ អ៊ីចឹងក្រុមហ៊ុនគាត់មិនត្រូវបាត់បង់ ឬកាត់បន្ថយទីតាំង។ ទោះបីថៅកែណាក៏ដោយ ពួកនៅតែធ្វើការធម្មតា សំខាន់ទូទាត់ប្រាក់អតីតការងារចាស់ឲ្យពួកខ្ញុំ ហើយការងារថ្មី ថៅកែថ្មីគិតតាមនឹងបន្តទៀតទៅ»។ នេះបើតាមការលើកឡើងរបស់លោក បូនី។
ការធ្វើកូដកម្មនេះ កើតឡើងដោយបារម្ភខ្លាចក្រុមហ៊ុនមិនទូទាត់ប្រាក់អតីតភាពការងារនិងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ។ ជាមួយគ្នាដែរ កាលពីព្រឹកថ្ងៃទី៥កញ្ញានេះ ភាគីតំណាងក្រុមហ៊ុន ក្រសូងការងារ និងតំណាងកម្មករបានជួបពិភាក្សាគ្នាហើយ ប៉ុន្តែភាគីកម្មករនិងក្រុមហ៊ុនមិនព្រមព្រៀងគ្នាលើចំណុចដែលកម្មករទាមទារឡើង។
កម្មករទាមទារ៥ចំណុច រួមមាន ប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ និងការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។ នេះបើតាមការលើកឡើងរបស់លោក ទូច កុសល ជាតំណាងសហជីពរបស់កម្មករស៊ីនទ្រី ហើយបានបន្ថែមថា លោកក៏បានព្យាយាមពន្យល់ដល់កម្មករដែរ ពីការទាមទារទាំង៥ចំណុចនេះ ធ្វើទៅបានទាល់តែក្រុមហ៊ុនបញ្ឈប់បុគ្គលិក ឬបិទទ្វារ។
ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានថ្មីៗមិនអាចសុំការបកស្រាយពីភាគីក្រុមហ៊ុន ស៊ីនទ្រី បានឡើយ ដោយសារលោក ទួន ស៊ីផេង ប្រធានក្រុមហ៊ុនប្រាប់ថា លោកមិនអាចបកស្រាយរឿងរ៉ាវនេះបានឡើយ។
ដោយឡែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបកស្រាយថា ការធ្វើកូដកម្មរបស់កម្មករស៊ីនទ្រីនេះ គឺខុសច្បាប់។ លោកថា ៥ចំណុចដែលទាមទារ ទាល់ក្រុមហ៊ុនបញ្ឈប់បុគ្គលិកណាមួយ ទើបភាគីកម្មករមានសិទ្ធិទាមទារនេះ។ តែយ៉ាងណាលោកមិនអាចបញ្ជាក់ពី ការរៀបចំប្រព័ន្ធគ្រប់គ្រងសំរាមថ្មី និងការជ្រើសរើសក្រុមហ៊ុនណាមួយ សម្រាប់អនុវត្តនៅពេលខាងមុខឡើយ។
«យើងជិតដល់តំណាកកាលចុងក្រោយនៃការជ្រើសរើសក្រុមហ៊ុន៣មកគ្រប់គ្រងតាមតំបន់ហើយ យើងកំពុងដុតដៃដុតជើង ដើម្បីបញ្ចប់វា ។ យើងក៏ដឹងថាការដែលប្រើប្រាស់យន្តការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីននេះ គ្រាន់ជាយន្តការបណ្ដោះអាសន្ន នៅពេលយន្តការថ្មីរៀបចំហើយយើងឲ្យពួកគាត់ធ្វើតាមតំបន់» នេះបើតាមការលើកឡើងរបស់ ម៉េត មាសភក្ដី ដោយបញ្ជាក់បន្ថែមថា ការចេញសេចក្ដីប្រកាសរើសបុគ្គលិកប្រមូលសំរាមថ្មី គឺដើម្បីដោះស្រាយការកកស្ទះសំរាមនៅក្នុងក្រុងភ្នំពេញ ខណៈកម្មករប្រមូលសំរាមកំពុងធ្វើបាតុកម្ម។ ជាមួយគ្នាដែរ ការជ្រើសរើសបុគ្គលិកប្រមូលសំរាមនេះ លោក ម៉េត មាសភក្ដី មិនបានបញ្ជាក់ទេថា ជ្រើសចូលជាបុគ្គលិករបស់ក្រុមហ៊ុនប្រមូលសំរាម ឬចូលជាបុគ្គលិករបស់រដ្ឋបាលធានីភ្នំពេញ៕