​​ម៉ាស៊ីន​ឈ្មោះ​ថា​ Korea Superconducting Tokamak Advanced Research (ហៅ​កាត់​ថា KSTAR) ដែល​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា​ជា​ព្រះ​អាទិត្យ​សិប្បនិម្មិត​របស់​កូរ៉េ​ខាង​ត្បូង បាន​បង្កើត​កំណត់​ត្រា​ពិភពលោក​ដោយ​វា​អាច​​ដំណើរ​ការ​​នៅ​សីតុណ្ហភាព​ក្ដៅ​បំផុត​របស់​វា (១០០លាន​អង្សា​សេ) ​បាន​រយៈពេល​ដល់ ២០វិនាទី។

រយៈពេល ២០វិនាទី​នេះ ស្ដាប់​ទៅ​គឺ​មិន​យូរ​នោះ​ទេ ប៉ុន្តែ​កន្លង​មក​មិន​ធ្លាប់​មាន​​ម៉ាស៊ីន​​រំលាយ​ថា​អាច​​ដំណើរ​ការ​បាន​លើស​ពី​ ១០​វិនាទី នៅ​សីតុណ្ហភាព ១០០​លាន​អង្សា​សេ​នោះ​ទេ សូម្បី​តែ​ម៉ាស៊ីន KSTAR នេះ​​ពី​មុន​មក​អាច​ដំណើរ​ការ​យូរ​បំផុត​ត្រឹម ៨​វិនាទី​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ ២០១៩។


​សមិទ្ធផល​នេះ នៅ​មិន​ទាន់​សម្រេច​គោលដៅ​របស់​ KSTAR ​បាន​នៅ​ឡើយ​ទេ ដោយ​មាន​គោលដៅ​​ដំណើរ​ការ​​ឥត​ឈប់​ឲ្យ​បាន​រយៈពេល ៥នាទី ក្នុង​សីតុណ្ហភាព​ខ្ពស់ ដែល​ចង់​សម្រេច​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ ២០២៥។


គួរ​ដឹង​ថា​​​គម្រោង​ការ​ព្រះអាទិត្យ​សិប្បនិម្មិត​នេះ​ បង្កើត​ឡើង​ដើម្បី​​រិះ​រក​វិធី​បង្កើត​ប្រភព​ថាមពល​មួយ​ចេញ​ពី​រ៉េអាក់ទ័រ​នៃ​ការ​រំលាយ​​ថាមពល​នុយក្លេអ៊ែរ។ ប្រសិន​បើ​គម្រោងការ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​​វា​នឹង​អាច​​ផ្ដល់​នូវ​​ប្រភព​ថាមពល​​មិន​ចេះ​អស់​មួយ​ ដែល​អាច​នឹង​ដោះស្រាយ​​វិបត្តិ​ថាមពល​ពិភពលោក​បាន។ ​បច្ចុប្បន្ន​នេះ​ពិភពលោក​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ជា​ប្រភព​ថាមពល​ ដែល​វា​អាច​នឹង​​បាត់​បង់​នៅ​ពេល​ណា​មួយ៕​​​​​​​