យោងតាមអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងពីការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ។

យ៉ាងណាក្ដី បម្រាមគោចរ ការហាមឃាត់ការធ្វើដំណើរ ឬវិធានការរដ្ឋបាលផ្សេងទៀត គឺមិនទាន់អនុវត្តន៍នៅឡើយទេ។ វិធានការរខាងលើ ចាប់អនុវត្តនៅពេលដែលរាជរដ្ឋាភិបាល ឬអាជ្ញាធររាជធានី-ខេត្តនីមួយៗ ចេញសេចក្តីសម្រេច ដោយឡែកមួយទៀត។ នេះបើតាមប្រភពពី Telegram ឯកសារមន្រ្ដីសាធារណៈ ដែលស្រង់សម្ដីឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។

នៅក្នុងមាត្រា៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចែងថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។ ករណីចាំបាច់ ដែលត្រូវអនុញាតឲ្យចេញពីលំនៅឋាន មានដូចជា ទៅទិញរបស់បរិភោគ, ទៅមន្ទីរពេទ្យ, ទៅឱសថស្ថាន, ទៅបំពេញការងារ, ទៅប្រកបអាជីវកម្ម, ទៅធ្វើតេស្តរកវីរុសកូវីដ-១៩, ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ករណីចាំបាច់ផ្សេងទៀត ដែលត្រូវអនុញាតឲ្យចេញពីលំនៅឋានដែរនោះ គឺ ទៅធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គល ក្នុងរង្វង់ភូមិសាស្រ្តឃុំ-សង្កាត់ ដែលខ្លួនរស់នៅ, ទៅជួបនគរបាលឬតុលាការ តាមការកោះហៅ, ចេញទៅដោយសារសមាជិកគ្រួសារ កំពុងមានជំងឺធ្ងន់ធ្ងរនិងសង្គ្រោះបន្ទាន់ ឬករណីសមាជិកគ្រួសារទទួលមរណភាព។

យ៉ាងណាមិញ ការអនុញ្ញាតឲ្យចេញពីលំនៅឋាន ដោយសារករណីចាំបាច់ ដូចបានរៀបរាប់ខាងលើនេះ ត្រូវបានកំណត់ម៉ោង ពោលគឺ មិនអាចធ្វើដំណើរបានគ្រប់២៤ម៉ោងដូចមុនឡើយ។ មាត្រា៨នៃអនុក្រឹត្យលេខ៥៧ អនក្រ.បកនេះ ចែងថា រាល់ការធ្វើដំណើរដែលត្រូវបានអនុញាត ក្នុងមាត្រា៤ មិនត្រូវធ្វើឡើងចន្លោះ ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ ឡើយ។

យ៉ាងណា មាត្រា៨នេះ នៅអនុញ្ញាតឲ្យធ្វើដំណើរ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ ក្នុងករណីមួយចំនួន ដូចជា មានបញ្ហាសុខភាព ដែលត្រូវទៅមន្ទីរពេទ្យជាប្រញាប់, មានភាពចាំបាច់និងបន្ទាន់ក្នុងគ្រួសារ, ដឹកជញ្ជូនទំនិញ, ទៅបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍សាធារណៈ, ទៅកន្លែងការងារ ឬកន្លែងអាជីវកម្ម។ មាត្រា៨ដដែល ចែងទៀតថា ករណីផ្សេងទៀត ក៏អាចត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរក្នុងចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺដែរ បើមានការអនុញ្ញាតពីអាជ្ញាធរ។

មាត្រា៨ ចែងបន្តថា រាល់គ្រឹះស្ថានសាធារណៈ សហគ្រាសឯកជន ទីតាំងអាជីវកម្ម ត្រូវផ្អាកប្រតិបត្តិការ (បិទទ្វារ) ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។ ប៉ុន្តែ ចំពោះគ្រឹះស្ថានរដ្ឋនិងឯកជន ដែលបម្រើសេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និង ស្ថានីយ៍ប្រេងឥន្ទនៈ នៅអនុញ្ញាតឲ្យប្រតិបត្តិការ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។ គ្រឹះស្ថានផ្តល់សេវាចាំបាច់ដទៃទៀត អាចត្រូវអនុញ្ញាតឲ្យប្រតិបត្តិការក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺដែរ តែត្រូវមានការអនុញ្ញាតពីអាជ្ញាធរ ៕