ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឱ្យដឹងថា បុរសជនជាតិចិនអាយុ ៤២ឆ្នាំ ដែលរស់នៅ Appartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:០០នាទី ។

អ្នកជំងឺខាងលើត្រូវបាន រកឃើញ វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ នេះផងដែរ ដោយស្ថានភាពអ្នកជំងឺ មានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមតាំងពីថ្ងៃចូលសម្រាក ពេទ្យដំបូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៍ដោយ ក៍មិនអាចជួយអ្នក ជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ២២:០០នាទី ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិចិនអាយុ ៤២ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារខ្សោយ សួតធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព ៕