គ្រូ​កុងហ្វ៊ូ​ម្នាក់​​ បាន​បង្ហាញ​ក្បាច់គុន​របស់​ខ្លួន​ដោយ​បញ្ចេញ​ស្នៀត​កណ្ដាប់​ដៃ​ដែក​ ដែល​ទទួល​ចំណាប់​អារម្មណ៍ រហូត​ដល់​ទទួល​ការ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ធំៗ​នៅ​ចិន និង​រុស្ស៊ី។

លោក Yuan Hai គឺ​ជា​គ្រូ​បង្ហាត់​បង្រៀន​ក្បាច់​គុន​កុងហ្វ៊ូ​ម្នាក់​នៅ​ប្រទេស​ចិន។ លោក​មាន​ជំនាញ​ក្នុង​ការ​បញ្ចេញ​ស្នៀត កណ្ដាប់​ដែក។ តាម​រយៈ​ស្នៀត​មួយ​នេះ លោក​ Hai មាន​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ដៃ​ទ​ទេរ​របស់​ខ្លួន​ ដើម្បី​វាយ​ បំបែក ឬ​ច្របាច់​វត្ថុ​រឹង​​ដូច​ជា​ដុំ​ឥដ្ឋ ដប​កែវ ឬ​កំប៉ុង​អាលុយមីញ៉ូម​ជា​ដើម ដោយ​មិន​មែន​បែក​ឈាម​ដៃ​ឡើយ។ លើស​ពី​នេះ លោក​ថែម​ទាំង​អាច​ប្រើ​ដៃ​ទ​ទេ​ក្នុង​ការ​ដំ​ដែក​គោល​ចូល​ទៅ​ក្នុង​ឈើ។ បន្ថែម​ពី​លើ​នេះ ដៃ​របស់​លោក Hai អាច​ទាំង​រង​ការ​វាយ​ដោយ​ញញួរ​ដោយ​មិន​មាន​របួស​ធ្ងន់ធ្ងរ​អ្វី​ឡើយ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន South China Morning Post គ្រូ​ក្បាច់​គុន Yuan Hai បាន​ប្រាប់​ថា​លោក​បាន​ហាត់​ស្នៀត​កណ្ដាប់​ដៃ​ដែក​រយៈ​ជាង ២០​ឆ្នាំ​ហើយ។ លោក​បន្ត​ទៀត​ថា ក្បាច់​នេះ​ គឺ​ជា​ក្បាច់​មួយ​ក្នុង​ចំណោម​ ៧២​ក្បាច់​របស់​វិហារ​សៅលិញ។ ចំណុច​ពិសេស​របស់​ស្នៀត​ដៃ​ដែក គឺ​ធ្វើ​ឲ្យ​អ្នក​ហាត់​អាច​វាយ បំបែក ឬ​ច្របាច់​វត្ថុ​រឹង ដោយ​ដៃ​ទ​ទេរ​ហើយ​មិន​មែន​របួស​ស្បែក​ធ្ងន់ធ្ងរ​ឡើយ។

ទាក់​ទិន​នឹង​មូលហេតុ​សម្រេច​ចិត្ត​រៀន​ក្បាច់​គុន និង​ស្នៀត​ដៃ​ដែក លោក​ Hai បាន​បង្ហើប​ថា កាល​ពី​ក្មេង​ លោក​ធ្លាប់​ទទួល​រង​ការ​ធ្វើ​បាប​ពី​សំណាក់​ក្មេងៗ​ដទៃ ដែល​ជា​ហេតុ​ឲ្យ​លោក​ខំ​រៀន​ក្បាច់​គុន ដើម្បី​ការពារ​ខ្លួន និង​បង្កើន​ភាព​ជឿ​ជាក់​របស់​ខ្លួន​ឡើង​វិញ។

សព្វ​ថ្ងៃ លោក Yuan Hai បាន​ប្រើ​ប្រាស់​ជំនាញ​ក្បាច់​គុន​របស់​ខ្លួន ដើម្បី​​បង្ហាត់​បង្រៀន​សិស្ស​ជា​លក្ខណៈ​ឯកជន ក៏​ដូច​ជា​តាម​រយៈ​បណ្ដាញ​ទំនាក់​ទំនង​សង្គម៕