គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញសេចក្ដីថ្លែងការណ៍លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ និង សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក។

សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក ៖ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

សេចក្តីថ្លែងការណ៍រួមរបស់សមាគម បានលើកឡើងថា ដើម្បីចូលរួជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាក ក្នុងស្ថានភាពព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់ និងបញ្ហាប្រឈមមានការកើនឡើងផ្សេងៗ។

គួរជំរាបថា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាសហការធ្វើការជាមួយគ្នាក្នុងភាពជាដៃគូ ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលផ្តល់ប្រាក់កម្ចីផ្ទាល់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់ ដើម្បីការពារ និងគាំទ្រដល់ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិឲ្យនៅតែមានភាពរឹងមាំក្នុងការបម្រើសេវា និងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកមួយនេះ៕