នាថ្ងៃទី ២៦ មេសា ២០២១ កន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេល ៧ថ្ងៃបន្ថែមទៀត។

យោងតាមសេចក្តីប្រកាសនៃការសម្រេចបិទខ្ទប់ខេត្តក្រុងខាងលើ ក្នុងមាត្រា១ បានបញ្ចាក់យ៉ាងច្បាស់ថា រាជធានីភ្នំពេញ និងខេត្តកណ្តាលត្រូវបន្តបិទរយៈពេល ១សប្តាហ៍បន្ថែមដោយគិតចាប់ពីថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ០៥ ឧសភា ២០២១។ មួយវិញទៀត រាជរដ្ឋាភិបាលនឹងកំណត់ ហើយបែងចែកភូមិសាស្ត្រដែលត្រូវបិទខ្ទប់ជា ៣តំបន់ មានដូចជា តំបន់ក្រហម (តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍) តំបន់លឿងទុំ (តំបន់ឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ កម្រឹតមធ្យម) តំបន់លឿង ((តំបន់ឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ កម្រឹតស្រាល)។

យ៉ាងណាមិញ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់លឿង ដែលជាតំបន់មានការប្រឈមស្រាល ត្រូវបានអនុញ្ញាត្តិឲ្យប្រកបរបរ និងដំណើរការអាជីវកម្មបាន លើកលែងតែសាលារៀនរដ្ឋ សាលាឯកជន ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល រមណីយដ្ឋាន អាជីវកម្មម៉ាស្សា ជាដើម។ មួយវិញទៀត សម្រាប់អាជីវករដែលដំណើរការអាជីវកម្មរស់ខ្លួនត្រូវគោរពតាមការណែនាំដោយមិនមានការលក់ជូននូវគ្រឿងស្រវឹង ទៅកាន់ប្រជាពលរដ្ឋជាដាច់ខាត។ មួយវិញទៀត ចំពោះការធ្វើចរាចរណ៍គ្រប់ប្រភេទក្នុងតំបន់លឿងត្រូវបានអនុញ្ញាតិឲ្យដំណើរការជាធម្មតា។ ចំពោះការធ្វើដំណើរចេញពីតំបន់លឿង ឆ្លងកាត់តំបន់ក្រហម និងតំបន់់លឿងទុំ ឬទៅក្រៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ត្រូវបានអនុញ្ញាតតែក្នុងករណីដែលមានចែងនៅក្នុងចំណុចទី១ ក្នុងប្រការ៣ , ចំណុចទី១ នៃប្រការ៤ និងប្រការ៦ នៃសេចក្តីសម្រេច។

សូមបញ្ជាក់ថា នៅត្រង់ប្រការ ៥ នៃសម្រេចសម្រេចបានចែងថា ការធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុង​តំបន់លឿងត្រូវបាន​អនុញ្ញាត​ឱ្យប្រព្រឹត្តទៅជាធម្មតាចាប់ពីម៉ោងសូន្យ ថ្ងៃទី ២៩ ខែមេសា តែបម្រាមគោចរនៅអនុវត្តដដែល ។

គួរបញ្ចាក់ដែរថា រដ្ឋាភិបាលនៅពុំទាន់កំណត់ថាតំបន់ណាមួយក្នុងរាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្តាលត្រូវបានដាក់ជាតំបន់លឿងទុំ ឬលឿងនៅឡើយទេ។ កន្លងមក យើងឃើញថាមានតែតំបន់ក្រហមតែប៉ុណ្ណោះ ដែលជាតំបន់មានការឆ្លងរាលដាលខ្លាំង ហើយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរបានកំពុងបន្តការអនុវត្តទប់ស្កាត់ដើម្បីចៀសវាងនូវការឆ្លងដែលមានលក្ខណៈរាលដាលកាន់តែខ្លាំង ៕