រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រាល់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនទាំងឡាយដែលមានលិខិតអនុញ្ញាតឲ្យធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់កន្លងមក ត្រូវបានសម្រេចឲ្យប្រើប្រាស់បន្តក្នុងរយៈពេល ៧ថ្ងៃ នៃការបិទក្រុង។

យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការសម្រួលការធ្វើដំណើររបស់អ្នកដែលត្រូវផ្តល់អាទិភាពក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត រាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងឡាយដែលបានទទួលលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ ពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ គឺអាចបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលបានផ្តល់ជូននឹងអាចប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

គួរបញ្ចាក់ឲ្យដឹងថា ការសម្រេចបិទក្រុងបន្តនេះ គឺមានរយៈពេល ១សប្តាហ៍បន្ថែម ចាប់ពីថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២១ ៕