លោកជំទាវ ពេជ ចន្ទមុន្នី ភរិយាឯកឧត្តម ហ៊ុន ម៉ាណែត កាលពីយប់មិញបានបង្ហោះក្នុងបណ្ដាញសង្គមរបស់លោកស្រីឲ្យដឹងថា អ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាលCovid កោះពេជ្រចំនួន៨៣៤នាក់ បានជាសះស្បើយ ហើយអ្នកដែលជាទាំងនោះនឹងត្រូវបន្តធ្វើចត្តាលីស័កនៅផ្ទះចំនួន១៤ថ្ងៃទៀត។

គួរជម្រាបថា ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា នៅថ្ងៃទី ២៧ មេសា ឆ្នាំ ២០២១ បានរកឃើញអត្រាអ្នកឆ្លងថ្មី រហូតដល់ចំនួន ៥០៨ នាក់ត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលនៅតែជាកំណើនអ្នកឆ្លងថ្មីដ៏ច្រើន ប៉ុន្តែបើធៀបនឹងថ្ងៃទី ២៦ មេសា ២០២១ មានចំនួនអ្នកឆ្លងសរុប ៥៨០ នាក់ ដូចនេះជាសញ្ញាណល្អមួយដែលអ្នកជំងឺបន្តថយចុះជាលំដាប់ ។ ទន្ទឹមនឹងនោះដែរ មានចំនួនអ្នកជាសះស្បើយបន្ថែមចំនួន ១២៧ នាក់ផងដែរ ។

ទន្ទឹមនេះលោកស្រី បានសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងCovid 19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រ៕