ជំងឺកូវីដ១៩ សាហាវ ផ្តាច់យកជីវិតមនុស្សគ្មានត្រាប្រណី មិនថាចាស់ក្មេង ប្រុសឬស្រី ប៉ុន្តែលោកយាយម្នាក់ដែលមានអាយុ ៩៣ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឲ្យជាសះស្បើយ និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ នេះបើតាមរយៈវីដេអូមួយដែលចែកចាយដោយគណនីយមួយមានឈ្មោះ Dalik កាលពីថ្ងៃទី ២២ កក្កដា ម្សិលមិញនេះ។

លោកយាយ ៩៣ឆ្នាំ ដែលមានវ័យចំណាស់ជាងគេក្នុងចំណោមអ្នកជំងឺទាំងអស់ដែលកំពុងព្យបាលខ្លួននៅក្នុងមណ្ឌលព្យាបាលទួលពង្រ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ បន្ទាប់ពីលោកយាយបានជាសះស្បើយពីជំងឺកូវីដ១៩។ តាមរយៈវីដេអូដែលបានបង្ហាញ មើលទៅលោកយាយក៏ចាស់ណាស់ទៅហើយ ប៉ុន្តែលោកយាយអាចយកឈ្នះជំងឺដ៏កាចសាហាវមួយនេះបាន ពិតជាគួរឲ្យសរសើរខ្លាំងណាស់ នេះជាការរួមចំណែក ពីក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលលោកយាយ រួមជាមួយលោកយាយផ្ទាល់ ទើបអាចឆ្លងផុតពីជំងឺ និងស្ថានការណ៍ដ៏សែនអាក្រក់មួយនេះ។

ជំងឺកូវីដ១៩ សាហាវ តែបើយើងការពារបាននោះវាក៏គ្មានថ្ងៃឆ្លងចូលមកក្នុងខ្លួនរបស់យើង តែបើឆ្លងហើយសូមកុំបាក់ទឹកចិត្ត បន្តថែរក្សាសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ មើលតែលោកយាយជាគំរូ គាត់ធ្វើបាន បងប្អូនទាំងអស់គ្នាក៏ធ្វើបាន។ ចូលរួមការពារទាំងអស់គ្នា ៣កុំ ៣ការពារ ៕