ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយចំអកថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ប្រឆាំងនឹងរុស្ស៊ី ជុំវិញការលុកលុយលើប្រទេសអ៊ុយក្រែន បានទទួលបរាជ័យ។

លោកពូទីនបានសង្កត់ធ្ងន់ថា លោកខាងលិចរំពឹងថានឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុ រួមទាំងសេដ្ឋកិច្ចរបស់រុស្សីជាប់គាំង និងធ្វើឱ្យដួលរលំនៃប្រព័ន្ធធនាគារផងដែរ។ មេដឹកនាំវិមានក្រឹមឡាំង​បាន​បន្ថែម​ថា យុទ្ធសាស្ត្រ​នៃការធ្វើឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​បាន​ទទួលបរាជ័យ ហើយ​ផ្ទុយទៅវិញ​បាន​នាំ​ឲ្យ​មាន ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​លោក​ខាង​លិច។

បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី ចាប់តាំងពីក្រុងមូស្គូបានបញ្ជូនទាហានចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលលោកពូទីនហៅត្រឹមថាជា ប្រតិបត្តិការយោធាពិសេស៕