​​​​​​​​​​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​បែក​ធ្លាយ​ព័ត៌មាន​ចចាមអារ៉ាម​ថា ​ការ​ជ្រើស​រើស​កីឡាករ​ជម្រើស​ជាតិ​​ក្រោម​​អាយុ​២៣​​​ទៅ​ស៊ីហ្គេម​នៅ​វៀតណាម​ មិន​មាន​ការ​ចុច​យក​កីឡាករ​លើស​អាយុ​ឲ្យ​ចូល​រួម​​​ឡើយ​។ ​​តែ​​យ៉ាង​ណា​ព័ត៌មាន​នេះ​មិន​ទាន់​ផ្លូវ​ការ​ឡើយ ព្រោះ​ថា FFC មិន​ទាន់​​បាន​ប្រកាស​ឡើយ​។ ចុះ​បើ​សិន​ជា​ការ​ជ្រើស​​នោះ​ដូច​ពាក្យ​ចចាមអារ៉ាម​មែន​តើ​កម្ពុជា​អាច​មាន​សង្ឃឹម​ឡើង​ទៅ​កាន់​វគ្គ​​៤​ក្រុម​ចុង​ក្រោយ​​ដូច​​ការ​ដាក់​គោលដៅ​របស់​កម្ពុជា​ដែរ​ឬ​ទេ?

​​​​ដូច​ដែល​លោក​ ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ធ្លាប់​បាន​​លើក​ឡើង​ម្ដង​ហើយ ថា​​ការ​ជ្រើស​រើស​កីឡាករ​ទៅ​ស៊ីហ្គេម​​មាន​គោលដៅ​ច្បាស់​លាស់​​ ព្រោះ​ថា​​ការ​ជ្រើស​រើស​​អាច​សម្រួច​​ទៅ​រក​ស៊ីហ្គេម​២០២៣ ​ឬ​​ក៏​ផ្ដោត​លើ​ស៊ីហ្គេម​ឆ្នាំ​នេះ​។ ​នោះ​ជា​ការ​​​សម្រេច​ចិត្ត​របស់​ក្រុម​ការងារ​​បច្ចេកទេស​​ FFC ដែល​បាន​គិត​រួច​មក​ហើយ​។

​​អតីត​គ្រូ​បង្វឹក​បឹង​កេត​ធ្លាប់​បាន​និយាយ​ថា «​វា​ស្ថិត​នៅ​លើ​ការ​ជ្រើស​រើស​​ហ្នឹង​គឺ ប្រសិន​ក្រុម​ការងារ​លោក​ហុង​ដា​ គាត់​​ផ្ដោត​ទៅ​លើ​ឆ្នាំ​២០២៣ ​អាហ្នឹង​យើង​ពិបាក​ជា​មួយ​គេ​​បន្តិច​ហើយ​។ … មែន​ទែន​​ទៅ​យើ​ង​ខ្វះខាត​ច្រើន​អាហ្នឹង​បើ​យើង​រើស​​ផ្ដោត​ទៅ​​ស៊ីហ្គេម​២០២៣​​ ដើម្បី​​​យក​មក​លេង​នៅ​ស៊ីហ្គេម​នៅ​វៀតណាម​ហ្នឹង​»។

​​​​​​​​​ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​កម្ពុជា​រើស​កីឡាករ​ឲ្យ​ត្រូវ​ ហើយ​មាន​កីឡាករ​លើស​អាយុ​​​បញ្ចូល​វិញ​ លោក ប្រាក់ សុវណ្ណារ៉ា បាន​ពន្យល់​បែប​នេះ​វិញ​ថា «​បើ​ធ្វើ​ការ​ប្រៀបធៀប​ក្រុម​ ​យុវជន​សិង្ហបុរី និង​ម៉ាឡេស៊ី​ ​​ជា​មួយ​កម្ពុជា​ ខ្ញុំ​គិត​ថា មិន​លើស​កម្ពុជា​ទេ ព្រោះ​ថា​​​កម្រិត​យុវជន​នេះ​​ប្រទេស​២​នេះ​មិន​មាន​កីឡាករ​​ចូល​សញ្ជាតិ​ទេ​។ ដោយ​ឡែក​ឡាវ​វិញ​បច្ចុប្បន្ន​ក៏​មិន​​​លើស​កម្ពុជា​។ ចឹង​ភាគរយ​​យើង​មើល​ឃើញ​ពូល​ហ្នឹង​យើង​​សង្ឃឹម​ឡើង​ច្រើន​»។

​​សម្រាប់​ស៊ីហ្គេម​នៅ​វៀតណាម កម្ពុជា​ស្ថិត​នៅ​ពូល B ជា​មួយ​ជើង​ខ្លាំង ថៃ សិង្ហបុរី ម៉ាឡេស៊ី និង​ឡាវ ខណៈ​ដែល​ការ​បរិច្ឆេទ​វិញ​គឺ​កម្ពុជា​បើ​ក​ឆាក​ប៉ះ​ឡាវ ​ថ្ងៃ​ទី​៩ ខែ​ឧសភា ប្រកួត​ទី​២​ប៉ះ​​សិង្ហបុរី ថ្ងៃ​ទី​១១ ​នា​ប្រកួត​ទី​៣​ប៉ះ​​​ថៃ ថ្ងៃ​១៤ ​ខែ​ឧសភា ប្រកួត​ទី​៤ ប៉ះ​​​ម៉ាឡេស៊ី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២​៕ ​​​