សង្គ្រាមលុកលុយប្រទេសអ៊ុយក្រែន បានធ្វើឲ្យ រថក្រោះរុស្ស៊ីតិចជាងមុន និងរួមទាំងគ្រឿងសព្វាវុធបម្រើឲ្យសង្គ្រាមផ្សេងទៀត ក៏បាត់បង់អស់មិនតិចដែរ វាបានធ្វើឲ្យព្យុះហយាត្រាកងទ័ពនៅទីលានក្រហមនៃទីក្រុងមូស្គូ ក្នុងឆ្នាំនេះ មានការខុសប្លែកបើធៀបនឹងឆ្នាំំមុនៗ។

ទិវាជ័យជំនះឆ្នាំនេះ ​មិនគ្រាន់តែរម្លឹកដល់ជ័យជម្នះលើពួកណាស៊ីកាលពី ៧៧ ឆ្នាំមុន ប៉ុណ្ណោះទេ តែប្រជាជនរុស្ស៊ីជាច្រើន បានគិតអំពីកងទ័ពរាប់ពាន់នាក់ដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសជិតខាងអ៊ុយក្រែន សញ្ញានៃការគាំទ្រសម្រាប់យោធាបានកើនឡើងនៅទូទាំងប្រទេសចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ជាមួយនឹងអក្សរ "Z" លេចឡើងនៅលើផ្ទាំងប៉ាណូ និងសញ្ញានៅតាមដងផ្លូវ រថភ្លើងក្រោមដី​ ​តាមទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

វិមាន​ក្រឹមឡាំង​បាន​បដិសេធ​មិន​សំដៅ​លើ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា​ជា "សង្រ្គាម" ទេ តែជំនួស​ឱ្យ​ការ​ហៅ​វា​ថា​ជា "ប្រតិបត្តិការ​យោធា​ពិសេស"។ អ្នកសង្កេតការណ៍ខ្លះជឿថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អាចប្រើថ្ងៃឈប់សំរាក ដើម្បីប្រកាសប្រតិបត្តិការនេះជាសង្រ្គាម ដើម្បីជំរុញការប្តេជ្ញាចិត្តជាតិរបស់រុស្ស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។

​ទិវាជ័យជំនះគឺជាព្រឹត្តិការណ៍ដ៏កម្រមួយនៅក្នុងប្រវត្តិសាស្ត្រក្រោយសម័យសូវៀតបែកបាក់​ ហើយវិមានក្រឹមឡាំងបានប្រើមនោសញ្ចេតនា នេះដើម្បីលើកទឹកចិត្ត ឲ្យមានមោទនភាពស្នេហាជាតិ និងបង្ហាញពីតួនាទីរបស់រុស្ស៊ីជាមហាអំណាចសកល។

ការប្រារព្ធពិធីប្រចាំឆ្នាំមានការរៀបចំក្បួនព្យុហយាត្រាយោធាដ៏ធំនៅលើទីលានក្រហម ដែលបង្ហាញពីគ្រឿងសព្វាវុធចុងក្រោយបង្អស់ពីរថក្រោះ ដល់យន្តហោះចម្បាំង រហូតដល់កាំជ្រួចអន្តរទ្វីបដែលមាននុយក្លេអ៊ែរ ជាដើម។ យ៉ាងណានៅឆ្នាំនេះ សព្វាវុធដែលត្រូវដាក់តាំងនៅក្នុងក្បួនដង្ហែត្រូវបានកាត់បន្ថយយ៉ាងខ្លាំងពីឆ្នាំមុន ដែលវាឆ្លុះបញ្ចាំងជាក់ស្តែងនៃការខាតបង់យ៉ាងធ្ងន់ធ្ងររបស់យោធានៅក្នុងប្រទេសអ៊ុយក្រែន៕