តាមរយ:សារជាសំឡេងផ្ញើជូនបងប្អូនជនរួមជាតិខ្មែរនៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការចាកចេញទៅសហរដ្ឋអាមេរិក ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីចូបៃ ឌិន នាថ្ងៃនេះ សម្តេចពុំទាន់អស់ចិត្ត នឹករលឹកបងប្រុសជាទីស្រឡាញ់នៅឡើយ ។

សម្តេចតេជោ បានគូសបញ្ជាក់ថា « ថ្ងៃនេះខ្ញុំសូមថ្វាយបង្គុំលាបងប្អូនខ្មែរនៅក្នុងរយ:ពេលខ្លីដើម្បីចូលរួមប្រជុំអាស៊ាន អាមេរិក យ៉ាងណាមិញខ្ញុំពិតជាពុំទាន់អស់ចិត្ត ជាមួយនឹងការបំពេញកាតព្វកិច្ចក្នុងឋាន:ជាឪពុកមា ជាជីតា ជាប្អូនថ្លៃ និងជាប្អូនប្រុសល្អនៅឡើយ នូវក្នុងការធ្វើបុណ្យ ឲ្យបងប្រុសជាទីស្រឡាញ់របស់ខ្លួន»។

ដូចគ្នានេះដែរ សម្តេចក៏បានថ្លែងបន្តថា សេចក្តីនឹករលឹករបស់សម្តចតេជោ ដែលនឹកស្រណោះដល់បងប្រុសនៅតែដក់ជាប់នៅក្នុងចិត្តជានិច្ច ប៉ុន្តែដើម្បីភារកិច្ច ដើម្បីប្រទេសជាតិមាតុភូមិ ក្នុងនាមជាប្រធានអាស៊ានដែលល្អ ត្រូវតែធ្វើដោយខានមិនបាន សម្តេចត្រូវតែចាកចេញទៅ ។

សូមជម្រាបថា កិច្ចប្រជុំកំពូលនេះនឹងត្រូវធ្វើ ឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីអបអរសាទរទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-អាមេរិក ដែលរយៈពេល ៤៥ឆ្នាំមកហើយនោះ។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំកំពូលអាស៊ាន-អាមេរិក គិតចាប់តាំងពីឆ្នាំ២០១៧មក។ហើយវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺមានសារៈសំខាន់ណាស់នៅក្នុងកិច្ចប្រជុំក្នុងនាមជាប្រធានអាស៊ាន ដែលនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយលោក ចូ បៃដិន។