ប្រធានាធិបតីរុស្សី លោក ពូទីន ត្រូវបានគេឃើញយកភួយ មកដណ្តប់ជើងដើម្បីរក្សាភាពកក់ក្តៅក្នុងអំឡុងពេលអង្គុយទស្សនា ក្បួនដង្ហែរទិវាជ័យជំនះនៅទីក្រុងមូស្គូ។ កាយវិការនេះបានធ្វើឱ្យមហាជនសង្ស័យថា សុខភាពរបស់លោកពូទីនពិតជាចុះខ្សោយ។

ប្រធានាធិបតីរុស្សីបានទទួលរងនូវពាក្យចចាមអារ៉ាមអំពីបញ្ហាសុខភាព ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ មេដឹកនាំដែលឈានចូលវ័យ៧០ឆ្នាំ ត្រូវបានសារព័ត៍មានចុះផ្សាយផងដែរថាលោកមានជំងឺមហារីក ដែលត្រូវការពេលដើម្បីព្យាបាល ធ្វើឱ្យលោកបង្ខំចិត្តផ្ទេរអំណាចទៅមនុស្សម្នាក់ដែលទុកចិត្តបំផុត។

ទិវាជ័យជំនះ ឫ Victory Day តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៩ ខែឧសភា ដើម្បីរំលឹកដល់ថ្ងៃដែលសហភាពសូវៀត យកឈ្នះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៤៥។ ទិវាជ័យជំនះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រតិទិនរបស់រុស្ស៊ី ហើយឃើញថាការបង្ហាញជាទ្រង់ទ្រាយធំនៃស្មារតីស្នេហាជាតិកើតឡើងនៅទូទាំងប្រទេស៕