លោក volodymyr Zelensky ប្រធានាធិបតី អ៊ុយក្រែនបាននិយាយទាំងអួលណែនថា យ៉ាងហោចណាស់មានមនុស្សចំនួន៦០នាក់ ត្រូវបានសម្លាប់យ៉ាព្រៃផ្សៃបំផុតនៅក្នុងសាលារៀនមួយកន្លែងនៅភូមិ Bilohorivka ក្នុងតំបន់ Luhansk តាមរយ:ការទម្លាក់គ្រាប់បែករបស់កងទ័ពរុស្ស៊ីពីលើអាកាស។នេះបើទៅតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នេះ។

លោក Serhiy Haidai អភិបាលតំបន់Luhansk បានរាយការណ៍ឲ្យដឹងទៀតថា បន្ទាប់ពីការវាយប្រហារដោយស្ងាត់ៗ ទម្លាក់គ្រាប់បែកផ្ទុះឆេះយ៉ាងសន្ធោសន្ធៅរួចមក អ្នកពន្លត់ភ្លើងក៏ដូចជា ក្រុមជួយសង្រោះបានរកឃើញសាកសពអ្នកស្លាប់ចំនួន៦០នាក់ ខណ:៣០ផ្សេងទៀតបានរងរបួស នៅក្នុងកម្ទេចកំទីបាក់បែកនៅក្នុងអាគារសាលារៀន ។

ទីក្រុង Luhansk នាពេលបច្ចប្បន្នកំពុងក្លាយទៅជាតំបន់ដែលក្តៅគគុក និងជាចំណុចគ្រោះថ្នាក់បំផុត រវាងកងកម្លាំងទាហ៊ាន រុស្ស៊ី និងក្រុមអ្នកតស៊ូរបស់អ៊ុយក្រែន ។ដោយ រុស្ស៊ីកំពុងព្យាយាមវាយដណ្ដើមកាន់កាប់គ្រប់គ្រងទីក្រុងមួយនេះ។

សូមជម្រាបថា មកទល់ពេលនេះទីក្រុងជាច្រើននៅតំបន់ភាគខាងកើតរបស់ អ៊ុយក្រែនត្រូវបានធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ីជាបន្តបន្ទាប់ ក្រោយពីទាហ៊ានរបស់រុស្ស៊ីបានផ្តោតការវាយប្រហារទៅលើតំបន់នេះ នៅក្នុងសង្គ្រាមដំណាក់កាលទី២។