ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង់គ្លេសបានប្រាប់ BBC ថាលោកមិនជឿថាប្រទេសរបស់លោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននោះទេ។

លោក Andrei Kelin ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង់គ្លេស បាននិយាយថា យោងតាមច្បាប់យោធារុស្ស៊ី អាវុធនុយក្លេអ៊ែរ មិនត្រូវបានប្រើក្នុងជម្លោះបែបនេះទេ។ ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ លោក Kelin បាននិយាយថា ប្រទេសរុស្ស៊ីមានច្បាប់តឹងរឹងបំផុតសម្រាប់ការប្រើប្រាស់របស់ពួកគេ ជាពិសេសនៅពេលដែលសន្តិសុខរបស់រដ្ឋត្រូវបានគំរាមកំហែង។

នៅពេលដែលលោក វ្ល៉ាឌីមៀ ពូទីន បានដាក់កម្លាំងនុយក្លេអ៊ែររបស់លោកឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅចុងខែកុម្ភៈ ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីការលុកលុយ វាត្រូវបានគេយល់ឃើញយ៉ាងទូលំទូលាយថានេះគ្រាន់ជាការព្រមានប៉ុណ្ណោះ៕