​ខ្សែ​ការពារ​ស្លាប​របស់​ក្លឹប​វិសាខា និង​អតីត​ជម្រើសជាតិ​កម្ពុជា ឡេង ណូរ៉ា បាន​​បង្ហាញ​ការ​ខក​ចិត្ត​​​ក្រោយ​រូប​គេ​រង​របួស​មិន​អាច​ជាប់​ជម្រើសជាតិ​ U23 ទៅ​ស៊ីហ្គេម និង​​កាល​ពីពេល​ថ្មី​ៗ​នេះ​គេ​ក៏​បាន​ខក​ខាន​មិន​បានជាប់​ជម្រើសជាតិ​ឈុត​ធំ​លេង​មិត្ត​ភាព​ទល់​ទីម័រ​ខាង​កើត​ថ្ងៃ​ទី​២​ខែ​មិថុនា ខាង​មុខ​នេះ​ទៀ​ត។

​ក្រោយ​ខក​ខាន​ឱកាស​បាន​ជាប់​ជម្រើសជាតិ​ចំនួន​ពីរ​លើក​នេះ​​ធ្វើ​ឲ្យ​​កីឡាករ​កូន​កាត់​ខ្មែរ​​-​នីហ្សេរីយ៉ា​រូប​នេះ​​ងាក​មក​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ទ្វេដង ដើម្បី​​អាច​ឲ្យ​គេ​មាន​ការ​ចាប់​អារម្មណ៍​ពី​គ្រូ​បង្វឹក​បាន​ចូល​លេង​ក្នុង​ក្លឹប និង​​ទទួល​បាន​ការ​មើល​ឃើញ​ពី​លោក Honda អ្នក​ចាត់​ការ​ក្រុម​គោព្រៃ​កម្ពុជា​។

​កីឡាករ​វ័យ​​ក្មេង​ដែល​ធ្លាប់​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​រូប​នេះ​​បាន​និយាយ​ថា «​វា​ពិត​ជា​រឿង​សោក​ស្ដាយ​បំផុត​មួយ​ក្នុង​ការ​មិន​បាន​ជាប់​ទៅ​លេង​ស៊ីហ្គេម​នៅ​វៀតណាម។ ជាង​នេះ​ទៅ​ទៀត​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ដាយ​ម្ដង​ទៀត​ក្រោយ​មិន​បាន​ជាប់​ជម្រើសជាតិ​ឈុត​ធំ​លេង​មិត្តភាព​ថ្ងៃ​ខាង​មុខ​នេះ​។ ខ្ញុំ​គិត​ថា​​វា​ជា​ឱកាស​ពិសេស​មួយ​​នៅ​ពេល​ខ្ញុំ​បាន​ជាប់​ទៅ​ នឹង​អាច​ទទួល​បាន​បទ​ពិសោធ​ពី​រៀមច្បង​ៗ។ តែ​យ៉ាង​ណា​ក្រោយ​ខក​ខាន​នេះ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​ជាង​មុន​វិញ ​​ទាំង​ការ​ហ្វឹកហាត់​និង​ការ​បង្ហាញ​លើ​ទីលាន​ឲ្យ​បាន​ទ្វេដង​ក្រែង​អាច​បាន​ជាប់​វិញ​បង​...»។

រំលឹក​ថា ឡេង ណូរ៉ា មិន​បាន​ជាប់​ជម្រើសជាតិ​ទៅលេង​ស៊ីហ្គេម​នៅ​វៀតណាម​ក៏​ព្រោះ​តែ​យុវជន​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បាន​រង​របួស​ចង្កេះ​​​។ ប៉ុន្តែ​គេ​បាន​ជាសះស្បើយ​ឡើង​វិញ​មួយ​រយៈ​ពេល​​មក​ហើយ ​ព្រម​ទាំង​បាន​ចូល​លេង​ឲ្យ​វិសាខា​មួយ​ប្រកួត​ផង​ដែរ​៕ ​​