រយ:ពេល២ថ្ងៃ កាលពីចុងសប្តាហ៍ទី៤ ថ្ងៃទី ២៥-២៦ ខែមិថុនា ឆ្នាំ២០២២ប្រទេសកម្ពុជាទទួលបាន ភ្ញៀវសរុបចំនួនជាង ៣១៨,៨៦៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៩៨,៩៤០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៩,៩២៣នាក់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

១. ខេត្តព្រះសីហនុ ៥៦. ៨៨៥ នាក់

២. ខេត្តសៀមរាប ៤៥.២១៩ នាក់

៣. ខេត្តបាត់ដំបង ៤០.៩៥៥ នាក់

៤. ខេត្តកំពត ៣៤.៥១៨ នាក់

៥. ខេត្តកែប ២២.៤៥១ នាក់

បើយោងទៅតាម ទិន្នន័យខាងលើ ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានការថមថយបន្តិចបើប្រៀបនឹងចុងសប្តាហ៍មុន ជាក់ស្តែង តួលេខចុងសប្តាហ៍នេះ មានការថយចុះប្រមាណ ១២,៥៥% ហើយតាមការសង្កេតជាក់ស្តែង របស់មន្ទីរទេសចរណ៍ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្ត មិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ ដោយភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។

ដូចគ្នានេះដែរ តាមការវាយតម្លៃបឋម ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលថ្ងៃឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនធ្វើដំណើរកម្សាន្តជិតៗ ដោយចេញដំណើរពីព្រឹកព្រលឹម នឹងត្រលប់ចូលផ្ទះល្ងាចវិញ រីឯតម្លៃកញ្ចប់សេវាទេសចរណ៍សម្រាប់ភ្ញៀវទេសចរហាក់នៅមានតម្លៃខ្ពស់ ខណ:តម្លៃប្រេងសាំង មានការកើនឡើង។