ទោះប្រធានរដ្ឋសភាទៅដល់តៃវ៉ាន់ តែអ្នកនាំពាក្យអាមេរិកថា ខ្លួនក៏មិនផ្លាស់ប្ដូរនយោបាយ "ចិនតែមួយ" ដែរ

Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក បានទៅដល់តៃវ៉ាន់ កាលពីយប់មិញនៅក្នុងដំណើរទស្សនកិច្ចដ៏កម្រ និងគួរឲ្យភ្ញាក់ផ្អើល បង្កឲ្យមានភាពតានតឹង និងប្រុងជើងការពីសំណាក់តៃវ៉ាន់ ជប៉ុន និងកូរ៉េខាងត្បូង ក្នុងករណីវាយប្រហារណាមួយពីសំណាក់ចិន។
លោកស្រី គឺជាប្រធានរដ្ឋសភាអាមេរិកលើកទីមួយ ដែលទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ រាប់ចាប់តាំងពីឆ្នាំ១៩៩៧។ ពីវ៉ាស៊ីងតោនវិញ John Kirby មន្ត្រីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថា ការសម្រេចទៅ បំពេញទស្សនកិច្ចនៅតៃវ៉ាន់ គឺជាសិទ្ធិរបស់ប្រធានរដ្ឋសភា ដែលជាអំណាចមួយដាច់ដោយឡែកពីរដ្ឋាភិបាលអាមេរិក ហើយថា នយោបាយ “ចិនមួយ” របស់អាមេរិក មិនមានអ្វីផ្លាស់ប្តូរនោះទេ។
គ្មានហេតុផលណាមួយ ដែលរដ្ឋាភិបាលក្រុងប៉េកាំងត្រូវយកដំណើរទស្សនកិច្ច ដែលមិនមានអីផ្លាស់ប្តូរសោះទៅលើនយោបាយអាមេរិកចំពោះតៃវ៉ាន់ មកធ្វើជាបញ្ហាជម្លោះ ឬក៏យកមកធ្វើជាលេស ដើម្បីបង្កើនសកម្មភាពយោធា នៅក្នុង ឬជុំវិញច្រកសមុទ្រតៃវ៉ាន់នោះទេ។ John Kirby បញ្ជាក់ដូច្នេះ៕