បើទោះបីជាមិនមានសកម្មភាពផ្នែកយោធា ប៉ុន្តែចិនបានដាក់ទណ្ឌកម្មលើទំនិញនាំចេញរបស់តៃវ៉ាន់!

ទំនិញ និងផលិតផលតៃវ៉ាន់មួយចំនួនឥឡូវត្រូវចិនហាមឃាត់នាំចូល ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាមេរិក Pelosi ទៅកាន់កោះនេះ។
នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសហាមប្រាមជាបន្ទាន់លើការនាំចូលផ្លែក្រូច និងត្រី២ប្រភេទពីតៃវ៉ាន់ ក៏ដូចជាការទប់ស្កាត់ការនាំចេញខ្សាច់ទៅកាន់កោះនេះ។ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុងប៉េកាំងបានដាក់ទណ្ឌកម្មរួចទៅហើយ ទៅលើទំនិញផ្សេងទៀត រួមមានទាំងនំ និងបង្អែមរបស់តៃវ៉ាន់ផងដែរ។
តៃវ៉ាន់មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ដែលបាននាំចេញទំនិញជិត 30% នៃការនាំចេញសរុបរបស់ខ្លួនទៅកាន់ទីផ្សារចិន និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ ប៉ុន្តែគេសង្កេតឃើញថា អ្វីៗនឹងផ្លាស់ប្តូរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Pelosi ទៅកាន់ដែនកោះមួយនេះ៕