ការ​ប្រជុំ​រវាង​ប្រមុខ​ការទូត​ជប៉ុន Yoshimasa Hayashi និង​រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi ​នៅ​ទីក្រុងភ្នំពេញ ដែល​គេ​រំពឹង​ថា​នឹង​ពិភាក្សា​ពី​ទំនាស់​ព្រំប្រទល់​ដែន​ទឹក គឺ​ត្រូវបាន​លុបចោល​ភ្លាមៗ ដោយសារ​សេចក្ដីថ្លែងការណ៍​របស់​ G7 ទាក់ទង​នឹង​បញ្ហា​កោះ​តៃវ៉ាន់។

យោង​តាម​ការ​ចុះផ្សាយ​ពី Reuters បាន​ឲ្យ​ដឹង​ថា ​ភាគី​ចិន​យល់​ថាសេចក្ដីថ្លែងការណ៍​របស់ G7 គឺ​ប្រៀប​ដូចជា​ទម្លាក់​កំហុស​មក​លើ​រដ្ឋាភិបាល​ចិន ថា​បាន​ធ្វើ​ការ​គម្រាម​កំហែង​ដល់​កោះ​តៃវ៉ាន់ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Nancy Pelosi ។

ដោយឡែក អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិណ Hua Chunying បាន​ប្រាប់​សារព័ត៌មាន​ថា សេចក្ដីថ្លែងការណ៍​របស់ G7 គឺ​ចេញ​ដោយ​គ្មាន​ទំនួលខុសត្រូវ​ទាល់តែសោះ ដោយ​សមាជិក G7 រួម​ទាំង​ជប៉ុន បាន​ទាមទារ​ឲ្យ​ចិន​ដោះស្រាយ​បញ្ហា​នៅ​កោះ​តៃវ៉ាន់​ដោយ​សន្តិវិធី៕