កាលពី​ពេលថ្មីៗនេះ ស្ថានការណ៍​រវាង​មហាអំណាច​ចិន និង​តៃវ៉ាន់​កំពុង​ស្ថិត​ក្នុង​សភាព​តានតឹង​ជាខ្លាំង ក្រោយ​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោកស្រី​ Nancy Pelosi ប្រធាន​សភា​អាមេរិក​នៅ​កោះ​តៃវ៉ាន់។

ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ លោក Wang Yi មន្ត្រីការបរទេស​ចិន​បាន​ថ្កោលទោស​អាមេរិក​ចំៗ អំឡុងពេល​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥៥ ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ ដោយ​បាន​ហៅ​មហាអំណាច​លោក​ខាងលិច​ថា ជា​អ្នកនាំរឿង​ដល់​សន្តិភាព​របស់​តៃវ៉ាន់។ នេះបើតាម​ការ​ចុះផ្សាយ​ពី CGTN។

ប្រភព​ដដែល​បន្ថែម​ថា មន្ត្រីជាន់ខ្ពស់​ចិន​ថែម​ទាំង​ចោទ​អាមេរិក​ថា ជា​អ្នក​បង្កើត​ជំលោះ និង​ទំនាស់​នៅ​តំបន់​ដែល​មាន​ស្ថិរភាព​ និង​បាន​ប្រាប់​ឲ្យ​គណបក្ស​គាំទ្រ​រដ្ឋាភិបាល​ទាំងអស់ កត់​ចំណាំ​ទុក​ពី​បញ្ហា​មួយ​នេះ និង​រួមដៃគ្នា​ប្រឆាំង​ពី​ការ​អុជអាល​របស់​អាមេរិក។

សូមជម្រាប​ដែរ​ថា បច្ចុប្បន្ន​កង​យោធា​ចិន​គឺ​កំពុង​ធ្វើ​សមយុទ្ធ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដោយ​មាន​ទាំងការហ្វឹកហាត់ និង​បាញ់គ្រាប់​ពិតៗ ខណៈ​បើតាម​ព័ត៌មាន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​បាន​ឲ្យ​ដឹងថា សមយុទ្ធ​មួយ​នេះ​នឹង​មាន​រយៈពេល​ពី​ថ្ងៃទី ០៤ ដល់ ០៦ សីហា​៕