អាមេរិក បន្តផ្តល់ជំនួយយោធាទៅកាន់អ៊ុយក្រែន ក្នុងកញ្ចប់ទឹកប្រាក់ជាង ៧០០លានដុល្លារ
សហរដ្ឋអាមេរិក បន្តផ្តល់ជំនួយជាអាវុធយោធាទៅដល់កងទ័ពអ៊ុយក្រែន ក្នុងកញ្ចប់ទឹកប្រាក់ប្រមាន ៧៧៥លានដុល្លារ ដើម្បីឱ្យទីក្រុងគៀវមានលទ្ធភាពបន្តច្បាំងតទល់នឹងកងទ័ពរបស់រុស្សី។
ក្នុងកញ្ចប់ជំនួយយោធាថ្មីនេះ អាមេរិកបានផ្តល់នូវអាវុធធន់ធ្ងន់ដូចជាកាំភ្លើងធំដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយជាដើម។ នេះបើតាមការបញ្ជាក់ពីមន្រ្តីការពារជាតិជាន់ខ្ពស់ម្នាក់។ នៅក្នុងនោះ ក្រុងវ៉ាសុីនតោន មិនភ្លេចទេអាវុធមួយប្រភេទដែលមានឥទ្ធិពលក្នុងការជួយកងទ័ពអ៊ុយក្រែនទប់ទល់ជាមួយកងទ័ពលោកពូទីន នោះគឺប្រព័ន្ធមីសុីល HIMARS។
គួរឱ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការផ្តល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន គិតជាទឹកប្រាក់ប្រមាណជាង ១២ពាន់លានដុល្លារ បើគិតចាប់តាំងពីឆ្នាំ ២០១៤មក ដោយក្នុងនោះជាង ១០ពាន់ដុល្លារកាលពីឆ្នាំ ២០២១។ បើទោះបីជាយ៉ាងនេះក្តី សង្គ្រាមនៅតែអូសបន្លាយ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចពិភពលោក ដោយជាក់ស្តែងឃើញថាតម្លៃប្រេងសាំងបានឡើងថ្លៃមិនធ្លាប់បាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕