សិក្ខាសាលាបណ្តុះបណ្តាល «រៀនពីលុយ (Rean PiLuy)»លើកទី១ នឹងចាប់ផ្ដើមចុងសប្ដាហ៍នេះ!
សិក្ខាសាលាបណ្តុះបណ្តាល «រៀនពីលុយ (Rean PiLuy)» គឺជាសិក្ខាសាលារបស់គម្រោងរៀនពីលុយ ដែលរៀបចំឡើងដោយសភាយុវជន (Youth Assembly) ក្រោមមានការគាំទ្រពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង, ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សិក្ខាសាលាបណ្តុះបណ្តាល “រៀនពីលុយ (Rean PiLuy)” ឆ្នាំ២០២២ នេះផងដែរនឹងមានរយៈពេល ៦សប្ដាហ៍ គឺចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ ០៤ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលម៉ានី នៃអគារ Kampus។ សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខក្នុងសប្តាហ៍នេះ គឺជាវគ្គដំបូងតម្រង់ទិសសម្រាប់សិក្ខាកាមដែលបានដាក់ពាក្យចូលសិក្សា និងបានជាប់ទៅតាមល័ក្ខន្តិកៈរបស់សិក្ខាសាលា ដើម្បីស្ដាប់កិច្ចពិភាក្សាស្ដីពី «យុវជន និងអក្ខរកម្មហិរញ្ញវត្ថុ» ដោយមានការចូលរួមពី តំណាងនៃធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងព័ត៌មានលម្អិត លក្ខ័ណ្ឌផ្សេងៗទាក់ទងនឹងការបណ្តុះបណ្តាលនៅ សប្តាហ៍បន្ទាប់។
អត្ថប្រយោជន៍សម្រាប់យុវជន
◦ ឱកាសសិក្សា និងអភិវឌ្ឍជំនាញគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន
◦ ឱកាសអភិវឌ្ឍជំនាញទន់ ដូចជាភាពជាអ្នកដឹកនាំ និងការដោះស្រាយបញ្ហា
◦ ពង្រីកបណ្ដាញទំនាក់ទំនង ជាមួយយុវជនដ៏ទៃទៀត និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ
◦ ទទួលបានលិខិតទទួលស្គាល់ការចូលរួមពីគម្រោងរៀនពីលុយ
◦ ឱកាសដឹកនាំគម្រោងដើម្បីសង្គម និងចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍសង្គម
នៅក្នុងដំណាក់កាលទីពីរនេះ ក៏ជាការអនុវត្តលំហាត់ផងដែរ ដោយសិក្ខាកាមនឹងត្រូវធ្វើការជាក្រុម ហើយទទួលការប្រឹក្សាពីអ្នកបច្ចេកទេសណែនាំ ដើម្បីបង្កើតគម្រោងដើម្បីសង្គម ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅក្នុងសង្គម។ នាថ្ងៃចុងបញ្ចប់នៃសិក្ខាសាលាបណ្តុះបណ្តាល ក្រុមនីមួយៗនឹងត្រូវធ្វើបទបង្ហាញ អំពីគម្រោងរបស់ខ្លួនទៅកាន់ គណៈកម្មការដើម្បីទទួលបានការវាយតម្លៃ និងមតិកែលម្អ។ ក្រុមដែលមានគំនិតច្នៃប្រឌិតខ្ពស់ គឺនឹងទទួលបានថវិកាសម្រាប់អនុវត្តគម្រោងរបស់ពួកគេ។