«ពានរង្វាន់បាល់ទាត់មិត្ដភាពបណ្ឌិត ហ៊ុន ម៉ាណែត» ជាការផ្ដល់ឱកាសដល់យុវជនខេត្តតាកែវ
ពានរង្វាន់បាល់ទាត់មិត្តភាពបណ្ឌិត ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានបើកការប្រកួតជាផ្លូវការហើយក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក្នុងស្រុកសំរោងទង ខេត្តតាកែវ។
ការប្រកួតដើម្បីដណ្ដើមពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត នេះគឺមានក្រុមចំនួន ១០ មកពី ១០វិទ្យាល័យផ្សេងៗ។ ចំពោះការប្រកួតគឺធ្វើឡើងក្នុងស្រុកសំរោងទង ខេត្តតាកែវ។
នាយឧត្ដមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងក្នុងពិធីបើកការប្រកួតថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឱកាសដល់យុវជនបានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន ដោយអនុលោមតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។ ការលេងកីឡាមិនត្រឹមផ្ដល់ឲ្យនូវ សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងនូវមិត្តភាព និងចំណងសាមគ្គីភាពផងដែរ៕