លោក កីស៊ូកិ ហុងដា ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម Facebook ​របស់​ខ្លួន ​ដោយ​ចាប់​អារម្មណ៍​ទៅ​លើ​ប្រទេស​ដូចជា អូម៉ង់ ញ៉ូហ្សើឡែន អារ៉ាប់រួម ​ថៃ ​និង​បណ្ដា​ប្រទេស​ទៀត​ដែល​ចង់​ចាប់​ឱកាស​លេង World Cup 2026 ​ខាង​មុខ​នេះ។

​លោក កីស៊ូកិ ហុងដា ​បានលាអ្នកគាំទ្រហើយ​ ក្រោយ​ចូលកាន់តំណែង​ដឹកនាំក្រុមជម្រើស​ជាតិ​កម្ពុជា​រយៈពេល ៥ឆ្នាំ។ ​ភារកិច្ចចុងក្រោយរបស់លោក​ គឺដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២​ឆ្នាំ​ កម្ពុជា ប្រកួតទល់នឹង ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម២២ឆ្នាំ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី ​៣២។ ​ជា​លទ្ធផល​នៅ​ស៊ីហ្គេម ​ក្រុម​កម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ហើយ ​និង​នេះ​ក៏​ជា​ពេល​វេលា​ក្នុង​ការ​លា​គ្នា​ជាមួយ​ហុងដា​ផង​ដែរ។

​ក្រោយ​ពី​ចាកចេញ​ពី​កម្ពុជា ​លោក ហុងដា ​បាន​បង្ហាញ​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ​ថា​លោក​ចាប់​អារម្មណ៍​ទៅ​ដឹក​នាំ​ប្រទេស​មួយ​ចំនួន​ដូចជា អូម៉ង់ ញ៉ូហ្សើឡែន អារ៉ាប់រួម ​ថៃ ​និង​បណ្ដា​ប្រទេស​ទៀត​ដែល​ចង់​ចាប់​ឱកាស​លេង World Cup 2026 ​ខាង​មុខ​នេះ។ ខណៈ​ដែល​ការ​បង្ហោះ​នេះ បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់ផ្អើល​មែនទែន។ អ្នក​គាំទ្រ​ថៃ ក៏​​មិន​នឹក​ស្មាន​តែ​ថា ​លោក ហុងដា ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​កម្ពុជា​ភ្លាម បែរ​ជា​ស្វែង​រក​ឱកាស​ដឹក​នាំ​ក្រុម​នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ទៅ​ហើយ ​ជា​ពិសេស​ជម្រើស​ជាតិ​ថៃ​តែ​ម្ដង៕