ប្រទេសកម្ពុជាកំពុងក្លាយខ្លួនជាប្រភពនៃការផ្គត់ផ្គង់គ្រឿងយានយន្តដែលមានសក្តានុពលដោយមានទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលអាស៊ីអាគ្នេយ៍។ នេះបើតាមការបង្ហាញលើវេបសាយផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងទីផ្សារសំខាន់ៗជាច្រើននៅក្នុងតំបន់ និងសកលលោកដែលបានផ្តល់នូវលក្ខខណ្ឌដ៏អំណោយផលសម្រាប់ក្រុមហ៊ុនយានយន្តជាច្រើន។ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយានយន្តលំដាប់ពិភពលោកជាច្រើនដូចជា DENSO និង Sumitomo កំពុងទទួលបានភាពជោគជ័យសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។

បើតាម CDC ទុនវិនិយោគសរុបមានចំនួនលើស ២៥០លានដុល្លា ចាប់តាំងពីឆ្នាំ ២០១១មកហើយក្រុមហ៊ុន​ផលិត​គ្រឿង​យានយន្ត និងតម្លើង​រថយន្តជាច្រើនកំពុងមានប្រតិបត្តិការ ស្របពេលដែលការវិនិយោគវិស័យនេះកំពុងមានការ​​កើន​ឡើង​។


សម្រាប់ការនាំចេញគ្រឿងយានយន្តបន្លាស់រថយន្តមានតម្លៃប្រមាណ ២០០លានដុល្លា ប្រចាំឆ្នាំ។ ការនាំចេញគ្រឿងយានយន្តមានកំណើនប្រមាណ ៣៦% ពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៩។ ក្រុមហ៊ុនដែលបានមកវិនិយោគវិស័យនេះនៅកម្ពុជាកំពុងមានសកម្មភាពក្នុងការផលិតគ្រឿងបង្គុំយានយន្តសំខាន់ៗដែលមានដូចជា ខ្សែភ្លើង ផ្នែកម៉ាស៊ីនត្រជាក់ និងគ្រឿងបន្លាស់រថយន្តផ្សេងៗ។

ដោយឡែក ទោចក្រយានយន្ត (ម៉ូតូ) ប្រមាណ ៤០ ម៉ឺនគ្រឿងត្រូវបានផលិតជាប្រចាំឆ្នាំ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា ម៉ូតូគឺជាទីផ្សារមួយដ៏ធំរបស់កម្ពុជាដែលនេះជាមូលហេតុទាក់ទាញឱ្យក្រុមហ៊ុនតម្លើង និងផលិតគ្រឿងបង្គុំយានយន្តជាច្រើនមកធ្វើការបោះទុនវិនិយោគនៅកម្ពុជា។


តាម​ស្ថិតិ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹងថា ការកើនឡើង​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ នារ​យៈ​ពេល ២ខែ​ចុងក្រោយ បានធ្វើឱ្យ​តុល្យភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​កាន់តែ​ល្អ ខណៈ​ទឹកប្រាក់​នៃ​ការនាំចេញ​ក្នុង​ឆមាស​ទី១ ឆ្នាំ ​២០២៣ មាន​ជាង ១១​ ពាន់​លាន​ដុល្លារ កើនឡើង​តិចតួច​ធៀប​ឆមាស​ទី​១ ឆ្នាំ ​២០២២​។


របាយការណ៍ចេញផ្សាយកាលពីខែកក្កដាកន្លងទៅបង្ហាញថា ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ទឹកប្រាក់​សរុប ១១ ៤៦៤,៤៨ ​លាន​ដុល្លារ កើនឡើង ០,៧៥ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១១ ៣៧៩,១២២ ​លាន​ដុល្លារ​។

ជាមួយគ្នានេះ គិតមកដល់ពេលនេះកម្ពុជាមានគម្រោងរោងចក្រដំឡើងរថយន្ដថ្មីសរុបចំនួន ៩ក្រុមហ៊ុន ក្នុងនោះ៣ក្រុមហ៊ុន កំពុងដំណើរការអាជីវកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ៦ក្រុមហ៊ុនផ្សេងទៀតកំពុងដំណើរការសាងសង់រោងចក្រ រួមមាន៖ ក្រុមហ៊ុន Hyundai Camko Motor, ក្រុមហ៊ុន Daehan Auto និងក្រុមហ៊ុន RMA Cambodia (Ford), ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន Toyata Tsusho Manufacturing, ក្រុមហ៊ុន China Matrix Technology Group-Horche ៕