អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជំរុញឲ្យពិនិត្យម៉ត់ចត់ជុំវិញការមិនយកលុយពីអាជីវករលក់តាមកញ្ច្រែងល្អី ជាមួយនិងការរកទីតាំងឲ្យបានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការណែនាំនេះក្នុងកិច្ចប្រជុំ ស្ដីពីការពង្រឹងការងារគ្រប់គ្រងផ្សារក្នុង រាជធានីភ្នំពេញ នារសៀលថ្ងៃ២៧ ខែកញ្ញានេះជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥។

អភិបាលរាជធានីភ្នំពេញបានណែនាំដល់ប្រធានគណៈកម្មការផ្សារត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយនៅក្នុងផ្សារដែលខ្លួនគ្រប់គ្រងទាំងជីវភាពរស់នៅរបស់អាជីវករ ជាមួយនឹងការធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះអាជីវករដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួលថែទាំ។ បន្ថែមពីនេះ ត្រូវណែនាំប្រជាពលរដ្ឋ និងអាជីវករថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារជាប្រចាំ។


ទន្ទឹមនឹងនេះ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងគណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវពិនិត្យអនុវត្តការងារនេះឲ្យបានម៉ត់ចត់ សំដៅធ្វើយ៉ាងណាទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ និងអាជីវករ។

សូមជម្រាបជូនថា ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបង្ហើបឲ្យដឹងកាលដើមខែកញ្ញានេះថា ក្រៅពីចុះជួបជាមួយកម្មករ និយោជិតនៅតាមបណ្តារោងចក្រនានា សម្តេចក៏មានគម្រោងចុះជួបជាមួយអាជីវករ និង អ្នករកស៊ីក្រៅប្រព័ន្ធនៅតាមផ្សារដើម្បីស្វែងយល់ពីទុក្ខលំបាក ក៏ដូចជារកដំណោះស្រាយជូន។

បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលទទួលស្គាល់ថា បច្ចុប្បន្ននេះអាជីវករ និងអ្នករកស៊ីក្រៅប្រព័ន្ធ បានជួបបញ្ហាលំបាក និងការលក់ដូរ មានការថយចុះបន្ទាប់ពីមានការរាលដាលជំងឺកូវីដ១៩ បញ្ហាសង្រ្គាមភូមិសាស្រ្តនយោបាយជាដើម ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់និងដាក់ចេញគោលនយោបាយដើម្បីការពារក្នុងការជួយដោះស្រាយការលំបាកដល់អ្នករកស៊ីនិងអាជីវករទាំងក្នុង និងក្រៅប្រព័ន្ធដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ៕