តើការធ្វើលំហាត់ប្រាណពេលព្រឹក និង ពេលល្ងាច មួយណាប្រសើរជាង?
ការធ្វើលំហាត់ប្រាណពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពរបស់យើង មិនថាឡើយ ហាត់នៅពេលណា ឬទីកន្លែងណានោះទេ គឺលោកអ្នកប្រាកដជាទទួលបានផលពីវាជាមិនខានឡើយ។ ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញថា មិនថាឡើយពេលព្រឹក ឬ ពេលល្ងាចនោះទេ មានមនុស្សម្នាជាច្រើននាក់បាននាំគ្នាទៅហាត់ប្រាណនៅលើទី សាធារណៈ ក្នុងទឹកមុខដ៏ស្រស់ស្រាយ។ បើទោះបីជាយ៉ាងណាក្តី តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញសុខភាពបានបង្ហាញឲ្យដឹងថា ការធ្វើលំហាត់ប្រាណនៅពេលព្រឹកព្រលឹម សម្រាប់បងប្អូនដែលចង់សម្រកទម្ងន់ រីឯ ហាត់ប្រាណពេលល្ងាច គឺដើម្បីទទួលបាននូវសាច់ដុំរឹងមាំ និង អាចការពារពីជម្ងឺមករាតត្បាតនានា។
យោងតាមប្រភពសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យ New South Wales បានបង្ហាញឲ្យដឹងថា ការធ្វើលំហាត់ប្រាណនៅពេលព្រឹកព្រលឹម មុនពេលអាហារព្រឹក គឺជាពេលដ៏ល្អបំផុត ដើម្បីសម្រកទម្ងន់ ពីព្រោះរាងកាយរបស់អ្នកត្រូវតែដុតបំផ្លាញសារធាតុខ្លាញ់ ក៏ព្រោះតែអត់ទាន់បានពិសារអ្វីសោះ។
ម្យ៉ាងវិញទៀត ការហាត់ប្រាណនៅពេលព្រឹក ក៏អាចធ្វើឲ្យកោសិកាសាច់ដុំមានសភាពកក់ក្តៅល្អ និង អាចបត់បែនឬរលាស់បានយ៉ាងរហ័ស ហើយក៏ធ្វើអោយស្មារតីខួរក្បាលល្អប្រសើរផងដែរ។ ជាមួយគ្នានេះដែរ ក៏មានការអះអាងថា ការធ្វើលំហាត់ប្រាណពេលល្ងាចទទួលបានអត្ថប្រយោជន៍ច្រើនផងដែរ។ កាសែត European Journal បានបង្ហាញថា ការធ្វើលំហាត់ប្រាណពេលល្ងាច អាចអោយយើងមានកម្លាំងខ្លាំង សាច់ដុំធំ និង រឹងមាំ អាចប្រឆាំងនឹងជម្ងឺផ្សេង ហើយសាច់ដុំរបស់អ្នក មានភាពកក់ក្តៅទៀតផង។ មិនតែប៉ុណ្ណោះទេ ពេលល្ងាច ការផលិតចេញនូវ តេស្តូស្ថេរ៉ូន មានកម្រិតខ្ពស់ ដែលជួយអោយកោសិកាសាច់ដុំរីកធំ និង រឹងមាំល្អ។
បើទោះបីជាយ៉ាងណាក៏ដោយ ការធ្វើលំហាត់ប្រាណ មិនថានៅពេលណានោះទេ អោយតែបានហាត់ជាការល្អណាស់ទៅហើយ សម្រាប់សុខភាពរបស់យើង គ្រាន់តែវាផ្តល់នូវមុខងារផ្សេងគ្នាប៉ុណ្ណោះ (បើអាចបាន ពេលល្ងាចប្រសើរជាង)។ ដូច្នេះយើងទាំងអស់គ្នា គួរឆ្លៀតពេលវេលាណាមួយក៏បានដែរ សម្រាប់ការហាត់ប្រាណ ជៀសវាងការដែលមិនហាត់ទាល់តែសោះ ព្រោះរឿងហាត់ប្រាណនេះ កំពុងត្រូវបានគេយកចិត្តទុកដាក់ខ្លាំងណាស់នៅគ្រប់ប្រទេសទាំង អស់ជុំវិញពិភពលោក៕