សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នំា២០២៣ បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារទៅលើកសិផលចំនួន៥មុខ មានមៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងផ្សេងទៀតដល់វិស័យឯកជន មានរយៈពេល២ឆ្នាំ ចាប់ពីឆ្នំា២០២៤ ដល់២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្រាប់ការរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩នេះ ពិសេសតាមរយៈក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ក្រុម និងក្រុមការងារស្រូវអង្ករ វិស័យឯកជនមកពីអនុវិស័យជាច្រើននៃវិស័យកសិកម្ម បានស្នើប្រហាក់ប្រហែលគ្នា ពោលគឺ ៖ទី១)-ស្នើសុំពន្យាសុពលភាពនៃការអនុគ្រោះពន្ធដែលនិងផុតកំណត់នៅដំណាច់នៅឆ្នំា២០២៣។ទី២)- ស្នើសុំផ្តល់ការអនុគ្រោះដល់ផលិផលកសិកម្មមួយចំនួនទៀត និងទី៣)-ស្នើសុំបន្ថែមលើការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ជាការឆ្លើយតបរារដ្ឋាភិបាលសម្រេចផ្តល់ជូនតាមការស្នើសុំរបស់វិស័យឯកជនដែលបានដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖(១)-បន្តការលើកទឹកចិត្តផ្នែកពន្ធដាចំនួន២ឆ្នំាបន្តទៀត ស្របតាមប្រកាសលេខ២៥២ សហវ ប្រកចុះថ្ងៃទី១១ខែមីនាឆ្នំា២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដាចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ ។ ការបន្តលើកទឹកចិត្ត និងត្រូវពិនិត្យជាក់ស្តែងអំពីភាពចំាបាច់នៃការបន្តឬមិនបន្តនៅក្នុងរយៈពេល២ឆ្នំាម្តង។(២)- បន្ថែមកសិផលកសិកម្មចំនួន៥មុខថែមទៀតដែលកំពុងមានសក្តានុពលគឺមាន មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ដោយអនុវត្តយន្តការលើកទឹកចិត្តដូចគ្នានិងប្រកាស២៥២ ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញស្រូវអង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឱ្យមានការផ្តល់នៅបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬ សេវាកម្មឱ្យច្បាស់លាស់ទៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់ផ្ទៀងផ្ទាត់ និង(៣)- លើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសដំាដុះ ផលិត ឬផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្ម រួមមានស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី ស្វាយចន្ទីនិងជ័រកៅស៊ូ ដោយបន្ថែមនៅ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុដើមផលិតចំណីសត្វក្នុងស្រុកគឺមានរយៈពេល២ឆ្នំាគឺពីឆ្នំា២០២៤ដល់២០២៥៕