ក្លឹប​លីគ​កំពូល​អង់គ្លេស​នឹង​ពិភាក្សា​គ្នា​នៅ​ក្នុង​ខែ​មិថុនា ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ពាក់ព័ន្ធ​នឹង​រឿង​ប្រើប្រាស់​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល ឬ ហៅ​កាត់​ថា VAR។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Athletics។

នៅ​ក្នុង​ខែ​មិថុនា លីគ​កំពូល​អង់គ្លេស Premier League គ្រោង​នឹង​ប្រារព្ធ​សន្និបាត​ប្រចាំ​ឆ្នាំ ដើម្បី​ដាក់​ទិសដៅ​សម្រាប់​រដូវ​កាល ២០២៤/២៥ខាង​មុខ​នេះ។

បើ​តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ក្លឹប​ Wolverhampton Wanderers ឬ ក្លឹប​ដែល​មាន​រហស្សនាម​ថា​​ក្លឹប​ចចក បាន​ដាក់​សំណើ​មួយ​ក្នុង​ការ​លុប​ចោល​ការ​ប្រើប្រាស់​ VAR នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស។


ខាង​ក្លឹប​ចចក​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖ «VAR មាន​ផលប៉ះពាល់​ដែល​មិន​មាន​ការ​គ្រោង​ទុក ហើយ​បណ្ដាល​ឱ្យ​ទំនាក់ទំនង​រវាង​អ្នកគាំទ្រ និង​បាល់ទាត់​មាន​ភាព​ល្អក់កករ»។


VAR ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​បាល់ទាត់​ជម្រើស​ជាតិ​ដំបូង​បង្អស់​នៅ​ឆ្នាំ២០១៦ ក្នុង​ប្រកួត​មិត្តភាព​រវាង​បារាំង និង​អ៊ីតាលី ហើយ​ចំណែក​ឯ​ក្របខ័ណ្ឌ​បាល់ទាត់​ក្លឹប​វិញ ប្រព័ន្ធ​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រកួត​រវាង​​ក្លឹប​ហុល្លង់ Ajax និង Willem II នៅ​ខែ​កញ្ញា ឆ្នាំ២០១៦។ រីឯ​នៅ​ក្នុង​ក្របខ័ណ្ឌ​ Premier League វិញ VAR ត្រូវ​បាន​ដាក់​ដំណើរ​ការ​នៅ​រដូវ​កាល ២០១៩/២០។