Premier League បាន​ធ្វើ​ការ​ប្រកាស​កំពូល​កីឡាករ​ឆ្នើម​ប្រចាំ​រដូវកាល​ឆ្នាំ​២០២៣/២៤ កាល​ពី​ពេល​ថ្មីៗ​នេះ​ ខណៈ​ពេល​ដែល​ម្ចាស់​ជើង​ឯកពាន​លីគ​កំពូល​នេះ​ត្រូវ​បាន​រក​ឃើញ​។

លទ្ធផល​នៃ​អ្នក​ឈ្នះ​ពាន​កំពូល​កីឡាករ​ឆ្នើម​ PL ប្រចាំ​រដូវកាល​នេះ​ត្រូវ​បាន​កើត​ឡើង​ដោយ​ការ​បោះឆ្នោត​របស់​អ្នកជំនាញ​បាល់ទាត់​លីគ​ ក៏​ដូច​ជា​អ្នកគាំទ្រ​ផ្ទាល់​ ដើម្បី​ឆ្លោះ​បញ្ចាំង​ពី​សមត្ថភាព​របស់​កីឡាករ​ ដែល​ស័ក្ដិសម​នឹង​ទទួល​ពាន​នេះ​។

កីឡាករ​ដែល​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ PL ប្រចាំ​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​គឺ​ ខ្សែបម្រើ​ Phil Foden ដែល​ជា​កីឡាករ​របស់​ក្លឹប​ Manchester City។ កីឡាករ​នេះ​ចូល​លេង​ក្នុង​ PL រដូវកាល​នេះ​បាន​ ៣៥ប្រកួត​ ស៊ុត​ចូល​ ១៩គ្រាប់​ និង​ Assist បាន​ ៨ដង​។ កីឡាករ​នេះ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ Man City ឲ្យ​ឈ្នះ​ពាន​ Premier League នៅ​រដូវកាល​នេះ​ ក៏​ដូច​ជា​រដូវកាល​មុន​ៗ​ផង​ដែរ​។

រី​ឯ​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ PL ប្រចាំ​រដូវកាល​នេះ​បាន​ទៅ​លើ​ ខ្សែ​បម្រើ​ Cole Palmer មក​ពី​ក្លឹប​ Chelsea ដោយ​ចូល​លេង​បាន​ ៣៣ប្រកួត​ ស៊ុត​ចូល​២២គ្រាប់​ និង​ Assist បាន​ ១១ដង។ ទោះ​ជា​ការ​ខិត​ខំ​ជួយ​ក្លឹប​យ៉ាង​ណា​ Chelsea បាន​ត្រឹម​ជាប់​លេខ​៦ ក្នុង​តារាង​ប្រកួត​ PL ដែល​មិន​មាន​លទ្ធភាព​ចូល​រួម​ការ​ប្រកួត​ UEFA នានា​ក្នុង​រដូវកាល​ក្រោយ​នោះ​ទេ​៕